ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើសនេសាទនៅបឹងទន្លេសាបក្នុងខេត្តបាត់ដំបងថយចុះមកត្រឹម ៩៨ករណី គិតត្រឹមខែតុលានេះ !!

ខេត្តបាត់ដំបង៖ បទល្មើសនេសាទនៅក្នុងដែនបឹងទន្លេសាប នៃខេត្តបាត់ដំបង បានថយចុះមកត្រឹម ៩៨ករណី គិតត្រឹមខែតុលា ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានចំនួនសរុប ១៧៤ករណី។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មច្ឆាជាតិក្នុងដែនបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ ដែលបានជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរលក់ត្រី ប្រហុក ផ្អក ត្រីឆ្អើ និងត្រីងៀត ដែលអាចរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានប្រសើរជាងមុន។

លោកបានបន្តថា ថ្មីៗនេះ រដ្ឋបាលជលផលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទរយៈពេល ២ថ្ងៃជាប់គ្នា នៅតាមគោលដៅសំខាន់ៗក្នុងស្រុកឯកភ្នំ ជាពិសេសក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទ និងឃុំព្រៃចាស់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានកម្ទេចឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង ៤.០០០ម៉ែត្រ និងព្រលែងកូនត្រីចំនួន ១៥០គីឡូក្រាមចូលក្នុងដែនទឹកធម្មជាតិវិញ។

លោកបានបញ្ជាក់ថា: នៅក្នុងឆ្នាំ២០២៦ គិតត្រឹមខែតុលា បទល្មើសនេសាទមានចំនួនសរុប ៩៨ករណី ក្នុងនោះមាន ១៨ករណីត្រូវបានបញ្ជូនទៅតុលាការ និង ៨០ករណីត្រូវបានដោះស្រាយដោយការបំផ្លាញចោលឧបករណ៍ល្មើសច្បាប់។

ចំណែកក្នុងឆ្នាំ២០២៥ ក្នុងរយៈពេលដូចគ្នា បទល្មើសនេសាទមានចំនួនសរុប ១៧៤ករណី ក្នុងនោះ ២៩ករណីត្រូវបានបញ្ជូនទៅតុលាការ ១០៤ករណីត្រូវបានបំផ្លាញចោល និង ៤១ករណីត្រូវបានពិន័យ។

តួលេខនេះបង្ហាញថា បទល្មើសនេសាទក្នុងឆ្នាំ២០២៦ បានថយចុះចំនួន ៧៦ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។រក្សាសិទ្ធិគ្រប់យ៉ាងដោយCEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម