ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយព្រួតគ្នាវាយជនរងគ្រោះ ម្នាក់ដោយសារចង់ «កាត់សាញ»??

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងចំណោមបក្ខពួកប្រមាណ ២០នាក់ ដែលត្រូវបានសង្ស័យថា ព្រួតគ្នាប្រើហិង្សាលើបុរសពីរនាក់ និងធ្វើឱ្យខូចខាតម៉ូតូមួយគ្រឿង នៅមុខផ្ទះជនរងគ្រោះ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បន្ទាប់ពីការឃាត់ខ្លួន, ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា: ពួកគេធ្វើសកម្មភាពវាយជនរងគ្រោះដើម្បី «កាត់សាញ» ឬវាយលេងទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៖៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយបណ្ដាលឱ្យជនរងគ្រោះពីរនាក់រងរបួស និងម៉ូតូមួយគ្រឿងរងការខូចខាត។

សមត្ថកិច្ចបានឲ្យដឹងថា: មុនកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជូនឪពុកទៅធ្វើការនៅក្រុមហ៊ុន CP។

ក្រោយជូនឪពុកដល់កន្លែងធ្វើការរួច ពួកគេបានជិះម៉ូតូត្រឡប់មកដល់មុខផ្ទះវិញ ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យប្រមាណ ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង មកពីទិសខាងត្បូង ដោយមានកាន់ដុំថ្ម និងដំបងដែកធ្វើពីជើងឆ័ត្រ។

បន្ទាប់មក ក្រុមជនសង្ស័យបានគប់ដុំថ្ម និងប្រើដំបងវាយទៅលើជនរងគ្រោះទាំងពីរនាក់។

នៅពេលក្រុមគ្រួសារជនរងគ្រោះចេញមកជួយ ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅទិសខាងជើង។

ទោះជាយ៉ាងណា ជនសង្ស័យម្នាក់ដែលមិនទាន់បានឡើងជិះម៉ូតូ ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួន និងរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបានចុះទៅកាន់កន្លែងកើតហេតុ និងនាំជនសង្ស័យទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

តាមរយៈការសាកសួរ និងការស្រាវជ្រាវបន្ត សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកចំនួន ៤នាក់ទៀត ធ្វើឱ្យចំនួនជនសង្ស័យដែលត្រូវបានឃាត់ខ្លួនកើនដល់ ៥នាក់។

ជនសង្ស័យទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សឺង សុវណ្ណបញ្ញា អាយុ១៩ឆ្នាំ ដែលតាមសមត្ថកិច្ចជាមេក្រុមធីម VTN; បញ្ញា មករា ហៅ មៈ អាយុ១៦ឆ្នាំ; រ៉ា ថេរ៉ូ អាយុ១៥ឆ្នាំ; លី គីមហុង អាយុ១៧ឆ្នាំ និងហ៊ាង លីហួរ អាយុ១៦ឆ្នាំ។

ជនសង្ស័យទាំង៥ នាក់ មានទីលំនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល លើកលែងតែជនសង្ស័យម្នាក់ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានចូលរួមដេញវាយជនរងគ្រោះប្រាកដមែន ដោយលើកឡើងថា មូលហេតុគឺដើម្បី «កាត់សាញ» ដែលមានន័យថា វាយលេង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងចំណោមជនសង្ស័យទាំង៥នាក់នេះ, ជនសង្ស័យឈ្មោះ លី គីមហុង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទល្មើសកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានសិទ្ធិ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ជើងឆ័ត្រមួយដើម ដុំឥដ្ឋចំនួន៤ដុំ ដុំថ្មចំនួន៤ដុំ និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ មួយគ្រឿង ពាក់ផ្លាកលេខកណ្ដាល 1AT-3164។

បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលកំពុងកសាងសំណុំរឿង ដើម្បីចាត់ការជនសង្ស័យតាមនីតិវិធីច្បាប់ ខណៈបក្ខពួកផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ នៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម