ខេត្តបន្ទាយមានជ័យ:
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសណ្ឋាគារមួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ ក្នុងនោះមានជនជាតិថៃ ២២នាក់ និងស្ត្រី ១៦នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ «ប៊ែន ប៊ែន» ដែលមានកម្ពស់៦ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចជំនាញ បានឱ្យដឹងថា: ជនសង្ស័យទាំង ៦១នាក់ រួមមាន ៥សញ្ជាតិ និង មាន ជនជាតិឥណ្ឌូនេស៊ី ចំនួន ២៨នាក់ ក្នុងនោះស្ត្រី ៣នាក់ ជនជាតិថៃចំនួន ២២នាក់ ក្នុងនោះស្ត្រី ៩នាក់ ជនជាតិចិន ៥នាក់ ជាបុរសទាំងអស់ ជនជាតិខ្មែរ ៥នាក់ ក្នុងនោះស្ត្រីម្នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ជាបុរស។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញទីតាំងសង្ស័យប្រព្រឹត្តសកម្មភាពចំនួន៤បន្ទប់ រួមមានបន្ទប់តូចចំនួន២ នៅជាន់ទី២ និងសាលធ្វើការចំនួន២ទីតាំងទៀត នៅជាន់ទី៥ និងជាន់ទី៦។
វត្ថុតាងដែលសមត្ថកិច្ចបានរឹបអូស រួមមាន ម៉ាស៊ីនកុំព្យូទ័រប្រភេទ All-in-One ចំនួន៧៩គ្រឿង ម៉ាស៊ីន CPU ចំនួន៤គ្រឿង ទូរស័ព្ទប្រើប្រាស់សម្រាប់ធ្វើការចំនួន១១៤គ្រឿង ទូរស័ព្ទផ្ទាល់ខ្លួនចំនួន៣៩គ្រឿង និងម៉ូនីទ័រកុំព្យូទ័រចំនួន១៧គ្រឿង។
ដោយឡែក ម្ចាស់ទីតាំងចំនួន២នាក់ ដែលមានឈ្មោះ ងី ចំរើន ភេទប្រុស និងឈ្មោះ នាង ស្រីនុច ភេទស្រី មិនមានវត្តមាននៅកន្លែងកើតហេតុនោះទេ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៦១នាក់ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






