ភ្នំពេញ៖ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការឆបោកតាមអនឡាញ កំពុងក្លាយជាបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភនៅកម្ពុជា ខណៈការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកចូលរួមជាង ៤១% ធ្លាប់ជួបប្រទះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមអនឡាញ ហើយជាង ៥៦% ធ្លាប់រងការឆបោកតាមប្រព័ន្ធនេះ។
យោងតាមការសិក្សារបស់អង្គការ ក្តីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Hope International) ក្រោមគំនិតផ្តួចផ្តើម «សំឡេងយុវជន» ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ទិន្នន័យត្រូវបានប្រមូលតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុប ៥៣២នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួន១៧។
លទ្ធផលនៃការសិក្សាបង្ហាញថា: ក្នុងចំណោមអ្នកចូលរួមទាំង ៥៣២នាក់ មាន ៤១,២% បានរាយការណ៍ថា ធ្លាប់ជួបប្រទះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSEA) ខណៈ ៥៦,៤% បានរាយការណ៍ថា ធ្លាប់ជួបប្រទះការឆបោកតាមអនឡាញ។
ការសិក្សាដដែលបានបញ្ជាក់ថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងកង្វះចំណេះដឹងអំពីសុវត្ថិភាពតាមអនឡាញ កំពុងបង្កើនហានិភ័យដល់កុមារ និងយុវជន។
បន្ថែមពីនេះ មនុស្សមួយចំនួននៅមិនទាន់ដឹងថា ត្រូវស្វែងរកជំនួយពីកន្លែងណា នៅពេលជួបប្រទះ ឬដឹងអំពីករណីរំលោភបំពានទាំងនេះនៅឡើយ។
បើប្រៀបធៀបនឹងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៥ ដែលមានអ្នកចូលរួម ១៤៧នាក់ ភាគរយនៃអ្នកដែលរាយការណ៍ថា ធ្លាប់ជួបប្រទះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមអនឡាញ បានកើនឡើងពី ៣០% មក ៤១,២%។
ចំណែកបទពិសោធន៍រងការឆបោកតាមអនឡាញ ក៏បានកើនឡើងពី ៥២% មក ៥៦,៤% ផងដែរ។
ទោះជាយ៉ាងណា ការសិក្សាបានបញ្ជាក់ថា តួលេខទាំងនេះឆ្លុះបញ្ចាំងតែពីបទពិសោធន៍របស់អ្នកចូលរួមក្នុងការសិក្សាប៉ុណ្ណោះ ហើយមិនអាចចាត់ទុកថាជាអត្រាតំណាងឱ្យកុមារ និងយុវជនទាំងអស់នៅកម្ពុជាបានទេ។
ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមអនឡាញមានទម្រង់ជាច្រើន រួមមាន: ការលួងលោមកុមារតាមអនឡាញក្នុងគោលបំណងផ្លូវភេទ ការបៀតបៀនតាមអ៊ីនធឺណិត ការចែកចាយសម្ភារៈដែលបង្ហាញពីការរំលោភបំពានផ្លូវភេទលើកុមារ ការគំរាមកំហែងដើម្បីជំរិតយកផលប្រយោជន៍ផ្លូវភេទ និងការផ្សាយផ្ទាល់នូវការរំលោភបំពានផ្លូវភេទលើកុមារ។
ដោយឡែក ការឆបោកតាមអនឡាញអាចកើតឡើងតាមរយៈការហៅទូរសព្ទបោកប្រាស់ ការបន្លំថាជាអ្នកឈ្នះរង្វាន់ ការសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី និងការប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ។
ចំណុចមួយទៀតដែលគួរឱ្យព្រួយបារម្ភ គឺការខ្វះព័ត៌មានអំពីសេវាជំនួយ។
ការសិក្សាបានរកឃើញថា ក្នុងចំណោមអ្នកចូលរួមទាំងអស់ មាន ៦៧,៥% មិនស្គាល់លេខទូរសព្ទបន្ទាន់ ឬសេវាជំនួយដែលពួកគេអាចទាក់ទងបាន នៅពេលជួបប្រទះ ឬដឹងអំពីករណីកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ និងការឆបោកតាមប្រព័ន្ធនេះ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ការសិក្សាបានផ្តល់អនុសាសន៍ឱ្យឪពុកម្តាយ និងអាណាព្យាបាលបង្កើនការប្រាស្រ័យទាក់ទងជាមួយកុមារ ដោយយកចិត្តទុកដាក់ស្តាប់បញ្ហារបស់ពួកគេ និងជៀសវាងការស្តីបន្ទោស ឬប្រើអំពើហិង្សា នៅពេលកុមារបង្ហាញពីបទពិសោធន៍អវិជ្ជមានដែលបានជួបប្រទះ។
ជាមួយគ្នានេះ របាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ដែលចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញថា កុមារប្រមាណ ២០លាននាក់ ដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំ នៅក្នុងប្រទេសចំនួន២១ រួមទាំងកម្ពុជា បានរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមរយៈបច្ចេកវិទ្យាឌីជីថល។
របាយការណ៍ដដែលបានបញ្ជាក់ថា ការរំលោភបំពានទាំងនេះមិនកើតឡើងតែតាមបណ្តាញសង្គម និងល្បែងអនឡាញប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងមនុស្សដែលកុមារស្គាល់ និងមានទំនាក់ទំនងជិតស្និទ្ធផងដែរ។
អង្គការយូនីសេហ្វក៏បានព្រមានអំពីផលប៉ះពាល់នៃការរំលោភបំពានទាំងនេះចំពោះសុខុមាលភាពផ្លូវចិត្តរបស់កុមារ ដោយកុមារជាង ៤០% ដែលរងការបៀតបៀនផ្លូវភេទមិនហ៊ានប្រាប់នរណាម្នាក់ ខណៈតិចជាង ១% ប៉ុណ្ណោះបានរាយការណ៍ករណីទៅអាជ្ញាធរ ឬសេវាជំនួយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





