ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានចូលសារភាពថា ខ្លួនបានប្រើខ្សែក្រណាត់រឹតកសម្លាប់ប្រពន្ធរបស់ខ្លួន នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ហើយបានរត់គេចខ្លួនក្រោយប្រព្រឹត្តអំពើឃាតកម្ម។
យោងតាមព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ រូបនេះមានឈ្មោះ អ៊ឹម អេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាងម៉ាស៊ីន។
ចំណែកឯ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ លី សីហា អាយុ៤០ឆ្នាំ មុខរបរកម្មការិនី។ អ្នកទាំងពីររស់នៅផ្ទះកើតហេតុ ស្ថិតក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥៖០៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីជនរងគ្រោះបានចេញទៅផឹកស្រា រហូតស្រវឹង រួចត្រឡប់មកផ្ទះវិញ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានសួររកទូរស័ព្ទរបស់ប្រពន្ធ ដើម្បីយកទៅភ្ជាប់កម្មវិធីសម្រាប់រត់កង់បី ប៉ុន្តែជនរងគ្រោះបានឆ្លើយថា ទូរស័ព្ទនោះត្រូវបានបោះចោលបាត់ទៅហើយ រួចក៏ចូលដេក។
ដោយសារកើតមានការប្រចណ្ឌ និងខឹងសម្បារ ជនសង្ស័យបានយកខ្សែក្រណាត់ពណ៌ប្រផេះ ដែលមានរុំកងដែក មករឹតកប្រពន្ធ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។
បន្ទាប់មក ជនសង្ស័យបានជិះកង់បីរត់គេចខ្លួនពីកន្លែងកើតហេតុ។
ក្រោយរត់គេចខ្លួនអស់រយៈពេលជាងមួយសប្ដាហ៍ ជនសង្ស័យបានចូលមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយខ្លួនឯង នៅវេលាម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីសារភាព។
ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានប្រគល់ជនសង្ស័យជូនសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






