នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនៃសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្ត្រីការទូត» ដែលរៀបចំឡើងដោយនាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច និងផែនការយុទ្ធសាស្ត្រ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៅសណ្ឋាគារ Sun & Moon Riverside ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ថ្នាក់ដឹកនាំ កបទ.សអ ប្រធានស្ថានតំណាងកម្ពុជានៅបរទេស មន្ត្រីការទូត ព្រមទាំងតំណាងមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ២៥០ រូប។
សិក្ខាសាលានេះ មានគោលបំណងផ្តល់ជូនមន្ត្រីការទូតកម្ពុជានូវបច្ចុប្បន្នភាពព័ត៌មាន ស្ដីពីស្ថានភាពសេដ្ឋកិច្ច គោលនយោបាយ វិស័យអាទិភាព និងកាលានុវត្តភាពថ្មីៗរបស់ប្រទេស ព្រមទាំងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីការទូត ដើម្បីលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព តាមរយៈការបំពេញបេសកកម្មការទូតក្រៅប្រទេស។
ក្នុងសុន្ទរកថាបើក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការទូតសេដ្ឋកិច្ច ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃយន្តការនេះ ក្នុងការលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងផ្សព្វផ្សាយប្រទេសកម្ពុជាឱ្យក្លាយជាគោលដៅទាក់ទាញសម្រាប់ធុរកិច្ចអន្តរជាតិ និងភ្ញៀវទេសចរ។ ឯកឧត្ដម ក៏បានលើកទឹកចិត្តដល់មន្ត្រីការទូតកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពថ្មីៗ សំដៅធ្វើពិពិធកម្មប្រភពកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី
,
















