ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុលបានជំរុញលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ គួរព្យាយាមរំលេចពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាពក្នុងតំបន់ ស្ថិរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សក្តានុពលសេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម សំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំលើកទឹកចិត្តដល់ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ សម្រាប់ឆ្នាំសិក្សា២០២៧ – ២០២៨ ចំនួន៣៥រូប ដែលត្រៀមខ្លួនចេញទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នាដើមឆ្នាំ២០២៧ខាងមុខនេះ។ សមាសភាពចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនារសៀលនេះរួមមានវត្តមាន ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក., ថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទាំង ៣៥រូប នឹងត្រូវចេញទៅបន្តការសិក្សានៅលើមុខវិជ្ជាពាក់ព័ន្ធនឹង៖ (១)ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ និងបរិស្ថាន, (២)ភាពធន់នៃសេដ្ឋកិច្ច និងវិស័យឯកជន, (៣)ការអប់រំ, (៤)សុវត្ថិភាពចំណីអាហារ និងកសិកម្ម, (៥)អភិបាលកិច្ច, (៦)បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, (៧)ហេដ្ឋារចនាសម្ព័ន្ធ, (៨)សន្តិភាព សន្តិសុខ និងយុត្តិធម៌, និង (៩)សង្គមដែលមានភាពធន់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្រុមនិស្សិតជ័យលាភី ដែលបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតទទួលបានសិទ្ធិទៅបន្តការសិក្សានៅប្រទេសនូវែលហ្សេឡង់។ ឯកឧត្តម ក៏បានផ្តល់នូវទស្សនទាន និងពុទ្ធិសំខាន់ៗជុំវិញការបន្សាំខ្លួនទៅនឹងបរិបទអប់រំនៅក្រៅប្រទេស ដោយបានក្រើនរំលឹកដល់និស្សិតទាំងអស់ ឱ្យទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការសិក្សាស្រាវជ្រាវ ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ និងបែបផែននៃការរស់នៅក្រៅប្រទេស យកមកកែច្នៃប្រើប្រាស់សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព សម្រាប់ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

ជាមួយគ្នានោះ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមផ្សព្វផ្សាយនូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ព្រមទាំងត្រលប់មកបម្រើជាតិមាតុភូមិវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងទៅតាមស្ថានភាពជំនាញរៀងៗខ្លួន បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ គួរព្យាយាមរំលេចពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាពក្នុងតំបន់ ស្ថិរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏ប្រពៃរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ​ ជាពិសេសដល់មិត្តរួមថ្នាក់ មិត្តរួមស្ថាប័នអប់រំ សាស្រ្តាចារ្យ និងសហគមន៍ដែលខ្លួនទៅរស់នៅសិក្សាផងដែរ។

ភ្ជាប់ទៅនឹងការជំរុញលើកទឹកចិត្តខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវសុភាសិតមួយឃ្លាដែលពោលថា៖ «សម្ដីឥតប្រយោជន៍ នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាព នាំជាតិរុងរឿង» ដើម្បីជាការដាស់ស្មារតីបេក្ខភាពនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការសិក្សារៀនសូត្រ ប្រកបដោយការយកចិត្តទុកដាក់ បង្កើនភាពប្រយ័ត្នប្រយែងក្នុងការបញ្ចេញទស្សនៈយោបល់ និងប្រកាន់ខ្ជាប់នូវភាពឆ្លាតវៃក្នុងការទំនាក់ទំនង ព្រមទាំងបោះជំហានទៅមុខដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជំនួបដ៏មានអត្ថន័យនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រស់រវើក និងពោរពេញដោយជំនឿជាក់ ដែលជាសក្ខីភាពយ៉ាងច្បាស់បង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សគ្រប់វិស័យ។ បទពិសោធន៍នៃការសិក្សាក្នុងកម្រិតអន្តរជាតិទាំងនេះ គឺជាកម្លាំងចលករដ៏មានសក្តានុពលបំផុត ក្នុងការចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងជំរុញកម្ពុជាឱ្យឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយមោទនភាពជាតិ និងភាពរឹងមាំក្នុងយុគសម័យឌីជីថលសកល៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម