ភ្នំពេញ៖ លោក រ៉ុង ឈុន អតីតប្រធានសហភាពសហជីព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អតីតអនុប្រធានគណបក្សភ្លើងទៀន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងបច្ចុប្បន្នជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ និងប្រគល់សិទ្ធិសេរីភាពពេញលេញជូនលោកឡើងវិញ។
ការដាក់លិខិតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដោយលោក រ៉ុង ឈុន បានរៀបរាប់ពីការផ្តន្ទាទោស និងវិធានការរឹតត្បិតសិទ្ធិសេរីភាពដែលតុលាការកំពូលបានដាក់លើរូបលោក ព្រមទាំងលើកឡើងថា សេចក្តីសម្រេចនេះមិនស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
យោងតាមខ្លឹមសារលិខិត លោក រ៉ុង ឈុន បានបញ្ជាក់ថា សភាព្រហ្មទណ្ឌនៃតុលាការកំពូលបានចេញសាលដីកាលេខ ៥០៧ xII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររូបលោកចំនួន៤ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ។
ជាមួយគ្នានេះ តុលាការក៏បានដាក់វិធានការត្រួតពិនិត្យ និងទោសបន្ថែមមួយចំនួន រួមមាន ការតម្រូវឱ្យលោកស្នាក់នៅក្នុងរាជធានីភ្នំពេញ និងហាមចាកចេញពីរាជធានី ការហាមធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ការហាមបង្ហាញវត្តមាននៅតាមវេទិកាសាធារណៈ ព្រមទាំងការដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតជាបណ្តោះអាសន្នរយៈពេល៥ឆ្នាំ។
លោកបានចាត់ទុកថា វិធានការទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់លោក ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ។
រៀបរាប់ពីសកម្មភាពដែលនាំឱ្យមានការចោទប្រកាន់
នៅក្នុងលិខិតដដែល លោក រ៉ុង ឈុន បានរៀបរាប់ពីសកម្មភាពរបស់លោកដែលតុលាការយកមកធ្វើជាមូលដ្ឋាននៃការចោទប្រកាន់ ដោយបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៤ លោកបានចុះជួបប្រជាពលរដ្ឋនៅសហគមន៍បឹងតាមោក ដែលកំពុងមានវិវាទដីធ្លី ព្រមទាំងបានជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាដីធ្លីនៅតំបន់អាកាសយានដ្ឋានថ្មីក្នុងខេត្តកណ្តាល។
បន្ទាប់មក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោកបានចូលរួមក្នុងពិធីសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិនៅស្រុកកោះធំ ខេត្តកណ្តាល និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្ស និងអ្នកគាំទ្រ ដោយលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លុះដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោកបានផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងដំណើរចុះតាមព្រំដែនកម្ពុជា-វៀតណាមរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា។
លោក រ៉ុង ឈុន បានអះអាងនៅក្នុងលិខិតថា សកម្មភាពទាំងនេះគ្រាន់តែជាការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិប៉ុណ្ណោះ។ លោកបានលើកឡើងថា៖ «ការណ៍ដែលចៅក្រមលើកឡើងនៅក្នុងអង្គហេតុយកមកចោទប្រកាន់ខ្ញុំ គឺគ្មានអង្គហេតុច្បាស់លាស់។ ខ្ញុំគ្រាន់តែប្រើសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
លើកឡើងពីមូលដ្ឋានច្បាប់ និងការការពារសិទ្ធិសេរីភាព
ពាក់ព័ន្ធនឹងអង្គហេតុ និងអង្គច្បាប់ លោក រ៉ុង ឈុន បានអះអាងថា សកម្មភាពចុះជួបប្រជាពលរដ្ឋរងគ្រោះដោយវិវាទដីធ្លី ការថ្លែងអំពីស្ថានភាពសេដ្ឋកិច្ច និងនយោបាយ ការបង្ហាញក្តីបារម្ភអំពីបូរណភាពទឹកដី និងការផ្តល់បទសម្ភាសដល់សារព័ត៌មានដោយសន្តិវិធី មិនបានបំពេញធាតុផ្សំនៃបទល្មើសញុះញង់ឱ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូចមានចែងក្នុងមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនោះទេ។
លោកបានលើកឡើងថា មាត្រា៤ នៃក្រមព្រហ្មទណ្ឌបានចែងថា គ្មានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត។
លោកអះអាងថា ខ្លួនមិនដែលមានចេតនាញុះញង់ ឬអំពាវនាវឱ្យប្រជាពលរដ្ឋប្រព្រឹត្តអំពើខុសច្បាប់ណាមួយឡើយ។
ជាងនេះទៅទៀត លោកបានពន្យល់ថា តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ការកំណត់អត្ថិភាពនៃបទល្មើសញុះញង់ត្រូវមានការញុះញង់ដោយផ្ទាល់ តាមរយៈសំដី សំណេរ ឬគំនូរនៅទីសាធារណៈ ក្នុងគោលបំណងឱ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោកបានអះអាងថា សកម្មភាពរបស់លោកមិនមានលក្ខណៈដូចការចោទប្រកាន់នោះទេ ហើយលោកមិនបានញុះញង់ អុជអាល ឬប្រឌិតព័ត៌មានក្នុងគោលបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងបង្កចលាចលក្នុងសង្គមឡើយ។
ចំពោះការចុះជួបប្រជាពលរដ្ឋនៅសហគមន៍បឹងតាមោក និងតំបន់អាកាសយានដ្ឋានថ្មីក្នុងខេត្តកណ្តាល លោកបានបញ្ជាក់ថា លោកគ្រាន់តែលើកឡើងអំពីសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងការការពារដីធ្លី និងលំនៅឋានរបស់ពួកគេ។
ចំណែកការចូលរួមសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិ គឺលោកបានលើកឡើងពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ខណៈការផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី គឺលោកបានសាទរចំពោះដំណើរចុះតាមព្រំដែនរបស់នាយករដ្ឋមន្ត្រី និងចង់ឱ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតាមតំបន់ព្រំដែន។
លោកបានបញ្ជាក់បន្ថែមថា លោកតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការគោរពច្បាប់ និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី។
ចំពោះក្តីបារម្ភអំពីបញ្ហាព្រំដែន និងបូរណភាពទឹកដីកម្ពុជា លោកចាត់ទុកថា ជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ប្រទេស។
ជំទាស់នឹងការរឹតត្បិតសិទ្ធិ និងស្នើបារាំងអន្តរាគមន៍
ក្រៅពីការជំទាស់នឹងការផ្តន្ទាទោស លោក រ៉ុង ឈុន ក៏បានលើកឡើងថា វិធានការរឹតត្បិតសិទ្ធិដែលតុលាការកំពូលបានដាក់លើរូបលោក រួមមាន ការដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សិទ្ធិចូលរួមសកម្មភាពនយោបាយ ការហាមថ្លែងការណ៍ជាសាធារណៈ ការហាមចូលរួមវេទិកាសាធារណៈ និងការហាមចាកចេញពីរាជធានីភ្នំពេញ គឺមិនស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជាទេ។
លោកបានយោងទៅលើមាត្រា៣៤ថ្មី មាត្រា៣៥ មាត្រា៤០ មាត្រា៤១ មាត្រា១២៨ថ្មី និងមាត្រា១២៩ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រមទាំងមាត្រា១៩ មាត្រា២១ មាត្រា២២ និងមាត្រា២៥ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយអះអាងថា សេចក្តីសម្រេចរបស់តុលាការបានប៉ះពាល់ដល់សិទ្ធិសេរីភាពដែលច្បាប់ជាតិ និងអន្តរជាតិធានាការពារ។
នៅចុងបញ្ចប់នៃលិខិត លោក រ៉ុង ឈុន បានសម្តែងក្តីសង្ឃឹមថា ប្រធានាធិបតីបារាំងនឹងចាត់វិធានការអន្តរាគមន៍ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ និងស្តារសិទ្ធិសេរីភាពពេញលេញរបស់លោកឡើងវិញ។
លោកបានសរសេរថា៖ «ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមប្រធានាធិបតី នឹងធ្វើកិច្ចអន្តរាគមន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទ និងប្រគល់សិទ្ធិសេរីភាពពេញលេញឱ្យខ្ញុំបាទឡើងវិញ»។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការស្នើសុំអន្តរាគមន៍នេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន តាមរយៈសាលដីការបស់តុលាការកំពូល គឺជាបញ្ហាច្បាប់ នីតិរដ្ឋ និងការអនុវត្តច្បាប់នៅក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
មន្ត្រីរូបនេះបានបញ្ជាក់ថា ហេតុដូច្នេះ លោកប្រធានាធិបតីបារាំង ឬជនបរទេសដទៃទៀត មិនអាចជ្រៀតជ្រែកលើសេចក្តីសម្រេចរបស់តុលាការ ឬកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN៕







