ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានបញ្ជាក់ នៅថ្ងៃនេះថា: ក្រសួងយុត្តិធម៌ គ្មានសមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងការពិនិត្យឡើងវិញ ការ កែប្រែ ឬលុបចោលទោសរបស់លោក រ៉ុង ឈុន ដែលត្រូវបានសម្រេចដោយតុលាការរួចហើយនោះ បានទេ ទោះបីជាលោកបានដាក់លិខិតស្នើសុំអន្តរាគមន៍ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីឱ្យមានការទម្លាក់បទចោទប្រកាន់ និងស្តារសិទ្ធិសេរីភាពរបស់លោកឡើងវិញក៏ដោយ។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា: ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា មិនមានបទប្បញ្ញត្តិណាមួយអនុញ្ញាតឱ្យក្រសួងយុត្តិធម៌មានសិទ្ធិកែប្រែ ឬទម្លាក់ចោលទោសដែលត្រូវបានសម្រេចដោយតុលាការនោះឡើយ។
ចំពោះទោសដែលត្រូវបានសម្រេច និងប្រកាសតាមរយៈសាលដីកាស្ថាពររបស់តុលាការរួចហើយ ត្រូវអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
លោកបានបញ្ជាក់ថា: ក្រសួងយុត្តិធម៌ធ្លាប់បានលើកឡើងរួចមកហើយថា ក្នុងករណីមានអង្គហេតុថ្មី ឬភស្តុតាងថ្មីដែលអាចបញ្ជាក់ពីភាពស្អាតស្អំរបស់អ្នកត្រូវបានផ្តន្ទាទោស ភាគីពាក់ព័ន្ធអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ ដោយដាក់បណ្តឹងសើរើទៅតុលាការកំពូល ស្របតាមលក្ខខណ្ឌ និងនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយល់ដឹងឱ្យបានច្បាស់លាស់ពីគោលការណ៍បែងចែកអំណាចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសការបែងចែករវាងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ និងអំណាចសម្រេចសេចក្តីរបស់តុលាការ។
លោកបានបញ្ជាក់បន្ថែមថា ការស្វែងរកអន្តរាគមន៍តាមរយៈការទូត ឬនយោបាយ មិនអាចជំនួសនីតិវិធីតុលាការដែលមានចែងក្នុងច្បាប់បានឡើយ ព្រោះក្រសួងយុត្តិធម៌មិនមានសិទ្ធិជ្រៀតជ្រែកទៅក្នុងអំណាចសម្រេចសេចក្តីរបស់តុលាការដែលមានអានុភាពស្ថាពរនោះទេ។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ប្រសិនបើមានបំណងឱ្យតុលាការពិនិត្យករណីនេះឡើងវិញ ផ្លូវច្បាប់គឺត្រូវមានអង្គហេតុ ឬភស្តុតាងថ្មី ហើយដាក់ពាក្យបណ្តឹងសើរើទៅតុលាការកំពូលដោយផ្ទាល់ តាមនីតិវិធីដែលច្បាប់បានកំណត់។
ការបញ្ជាក់របស់ក្រសួងយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន អតីតប្រធានសហភាពសហជីព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អតីតអនុប្រធានគណបក្សភ្លើងទៀន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងបច្ចុប្បន្នជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។
ក្នុងលិខិតនោះ លោក រ៉ុង ឈុន បានស្នើឱ្យប្រធានាធិបតីបារាំងជួយអន្តរាគមន៍ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ និងប្រគល់សិទ្ធិសេរីភាពពេញលេញជូនលោកឡើងវិញ។
លោកក៏បានរៀបរាប់ពីការផ្តន្ទាទោស និងវិធានការរឹតត្បិតសិទ្ធិសេរីភាពដែលតុលាការកំពូលបានដាក់លើរូបលោក ដោយអះអាងថា សេចក្តីសម្រេចទាំងនេះមិនស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
យោងតាមខ្លឹមសារលិខិត សភាព្រហ្មទណ្ឌនៃតុលាការកំពូលបានចេញសាលដីកាលេខ ៥០៧ XII ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានព្យួរសាកល្បងរយៈពេល៣ឆ្នាំ។
ក្រៅពីនេះ តុលាការក៏បានដាក់វិធានការត្រួតពិនិត្យ និងការរឹតត្បិតមួយចំនួន រួមមាន ការតម្រូវឱ្យលោកស្នាក់នៅក្នុងរាជធានីភ្នំពេញ និងហាមចាកចេញពីរាជធានី ការហាមឃាត់មិនឱ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ និងមិនឱ្យបង្ហាញវត្តមាននៅតាមវេទិកាសាធារណៈ។
ជាមួយគ្នានេះ លោកក៏ត្រូវបានដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗទៀត ជាបណ្តោះអាសន្នរយៈពេល៥ឆ្នាំផងដែរ។
លោក រ៉ុង ឈុន បានចាត់ទុកថា វិធានការទាំងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់លោក ដែលលោកអះអាងថា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







