ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបទីតាំង Online Scams ២កន្លែង និង ឃាត់ខ្លួនមនុស្ស ២៨នាក់ នៅក្រុងបាវិត !

ខេត្តស្វាយរៀង៖ កម្លាំងចម្រុះខេត្តស្វាយរៀង បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន២កន្លែង នៅក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សសរុបចំនួន២៨នាក់ ក្នុងនោះមានជនជាតិចិន២៦នាក់ និងជនជាតិខ្មែរ២នាក់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិក លិខិតឆ្លងដែន និងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដោយអនុវត្តតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។

ទីតាំងទាំងពីរស្ថិត គឺនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីកម្លាំងនគរបាលខេត្ត អាជ្ញាធរក្រុងបាវិត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង។

យោងតាមរបាយការណ៍របស់ក្រុមការងារចម្រុះ នៅទីតាំងទី១ ដែលជាផ្ទះជួលរបស់ឈ្មោះ ឡាយ យូឡុង សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន១៣នាក់ សុទ្ធតែជាបុរស។

វត្ថុតាងដែលដកហូតរួមមាន លិខិតឆ្លងដែន១១ក្បាល កុំព្យូទ័រលើតុប្រភេទ All-in-One ចំនួន១គ្រឿង កុំព្យូទ័រយួរដៃ១៥គ្រឿង ទូរសព្ទដៃចម្រុះ៥គ្រឿង ទូរសព្ទផ្ទាល់ខ្លួន១២គ្រឿង និងឧបករណ៍ចែកចាយ Wi-Fi ចំនួន៥គ្រឿង។
របាយការណ៍ដដែលបានឱ្យដឹងថា ទីតាំងនេះបានបើកអាជីវកម្មបិទបាំង ដោយផ្នែកខ្លះដំណើរការជាផ្ទះសំណាក់ និងផ្នែកខ្លះជាភោជនីយដ្ឋាន។

ចំណែកកន្លែងសង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវបានរៀបចំលាក់បាំងនៅផ្នែកខាងក្រោយផ្ទះសំណាក់ ដោយប្រើទូដាក់សម្ភារៈផ្ទះបាយ និងជញ្ជាំងបន្ថែមដើម្បីបិទបាំង។

ក្រៅពីនេះ សមត្ថកិច្ចបានរកឃើញការកែច្នៃជញ្ជាំងតាមបន្ទប់ទឹក ដើម្បីបង្កើតច្រកសម្ងាត់សម្រាប់ចេញចូលតាមបន្ទប់នីមួយៗ ព្រមទាំងមានការរៀបចំជណ្ដើរដែកនៅខាងក្រោយរបង ដែលសង្ស័យថាអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់គេចខ្លួន។

ដោយឡែក នៅទីតាំងទី២ ដែលស្ថិតនៅខាងក្រោយសាលាមត្តេយ្យរីករាយ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងជនជាតិខ្មែរចំនួន២នាក់ ដែលបម្រើការងារជាបុគ្គលិកអនាម័យ។

វត្ថុតាងដែលដកហូតពីទីតាំងនេះរួមមាន លិខិតឆ្លងដែន២ក្បាល កុំព្យូទ័រលើតុប្រភេទ All-in-One ចំនួន១៣គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួន២០គ្រឿង ឧបករណ៍ចែកចាយ Wi-Fi ចំនួន២គ្រឿង និងរថយន្តម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BV-7172។

សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងទី២នេះត្រូវបានរៀបចំជាបីផ្នែក ដោយផ្នែកខាងមុខបើកដំណើរការជាសាលាមត្តេយ្យ ផ្នែកកណ្តាលជាបន្ទប់សណ្ឋាគារ និងផ្នែកខាងក្រោយជាអគារស័ង្កសី ព្រមទាំងបន្ទប់សណ្ឋាគារមួយចំនួន ដែលសង្ស័យថាត្រូវបានប្រើប្រាស់ជាកន្លែងប្រព្រឹត្តបទល្មើស។

ជាមួយគ្នានេះ ទីតាំងខាងក្នុងត្រូវបានបិទបាំងដោយជញ្ជាំងឥដ្ឋ និងមានច្រកសម្ងាត់សម្រាប់ចេញចូលតាមទូសម្លៀកបំពាក់។ នៅផ្នែកខាងក្រោយរបង ក៏មានការរៀបចំតុផឹកតែមួយ ដែលសង្ស័យថាអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្លោះរបងគេចខ្លួនផងដែរ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក និងរកឃើញតម្រុយពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ក្រុមការងារចម្រុះបានប្រគល់មនុស្សទាំង២៨នាក់ និងវត្ថុតាងទាំងអស់ទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម