ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យកងកម្លាំងនគរបាល,
កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន ដើម្បីភាពសុខសាន្តជូនពលរដ្ឋ។
ការណែនាំនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៤ វិច្ឆិកានេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការនរគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះក៏បានធ្វើការបូកសរុបលទ្ធផលការងារ ភូមិ សង្កាត់មានសុវត្ថិភាព រយៈពេល៩ខែឆ្នាំ២០២៦និងរបាយការណ៍១ខែកញ្ញាឆ្នាំ២០២៦ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ការងារភូមិ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាការងារដែលកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ជាប្រចាំ ដើម្បីភាពសុខសាន្តជូនពលរដ្ឋ ហើយការងារពិសេសដែលអាជ្ញាធរនិងកងកម្លាំងរបស់យើងត្រូវប្រឹងប្រែងអនុវត្តឱ្យបានទ្វេដងថែមទៀតនោះ គឺកិច្ចការពារសន្តិសុខ សុវត្ថិភាពកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន៩២ប្រទេសជុំវិញពិភពលោក។
បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យកងម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤បន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែមទៀត លើកិច្ចការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះទទួលបានជោគជ័យតាមការគ្រោងទុក៕រក្សាសិទ្ធដោយ៖សុទ្ធលី

















