ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីឆបោកមានស្ថានទម្ងន់ទោសដោយមានការចាត់តាំង តាមរយៈការដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋតាមភូមិ ដោយប្រើប្រាស់ឯកសារក្លែងក្លាយ និងគ្មានព្រះសង្ឃរួមដំណើរ។
ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចអំពីសកម្មភាពគួរឱ្យសង្ស័យរបស់មនុស្សមួយក្រុម ដែលជិះរ៉ឺម៉កកង់បីដើររៃអង្គាសប្រាក់តាមភូមិនានា ដោយគ្មានព្រះសង្ឃចូលរួម។
តាមរបាយការណ៍របស់សមត្ថកិច្ច នៅវេលាម៉ោងប្រមាណ ៤:៣០នាទីរសៀល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះទៅដល់ឃុំស្នួល និងឃាត់ខ្លួនបុរសចំនួន ៣នាក់ ដែលកំពុងធ្វើសកម្មភាពរៃអង្គាសប្រាក់ ដើម្បីនាំមកសាកសួរ។
ជនសង្ស័យទាំង ៣នាក់ មានឈ្មោះ: ប៊ុង នី ភេទ ប្រុសអាយុ ៥៤ឆ្នាំ , ឈ្មោះ ថេត រ៉ាម៉ាន ហៅ រុន ភេទ ប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ឈិញ ម៉ៅ ភេទ ប្រុស អាយុ ២៩ឆ្នាំ។
អ្នកទាំងបីមានទីលំនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីបានសារភាពថា ពួកគេបានដើររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋតាមភូមិអស់រយៈពេលជិតមួយឆ្នាំមកហើយ ក្រោមការរៀបចំ និង បញ្ជារបស់ឈ្មោះ ពេជ្រ ប៊ុនថា អាយុ ៤៤ឆ្នាំ ដែលជាអ្នកផ្គត់ផ្គង់ឯកសារសម្គាល់ខ្លួន និងលិខិតស្នើសុំជំនួយសម្រាប់កសាងវត្តអារាម ព្រមទាំងឯកសារពាក់ព័ន្ធនឹងកម្មវិធីបុណ្យកឋិន ដែលត្រូវបានចោទថាជាឯកសារក្លែងក្លាយ។
តាមចម្លើយសារភាពដដែល ជនសង្ស័យឈ្មោះ ពេជ្រ ប៊ុនថា បានកំណត់ឱ្យក្រុមការងារប្រគល់ប្រាក់ដែលរៃអង្គាសបានចំនួន ១១០.០០០រៀលក្នុងមួយថ្ងៃ ខណៈប្រាក់ដែលនៅសល់អាចចែកគ្នា។
ក្រុមនេះអាចប្រមូលប្រាក់ពីប្រជាពលរដ្ឋបានប្រមាណពី ២៥០.០០០រៀល ទៅ ៣០០.០០០រៀលក្នុងមួយថ្ងៃ។
ជនសង្ស័យបានសារភាពថា: ជារៀងរាល់ល្ងាច ចន្លោះពីម៉ោង ៥ ព្រឹក ដល់ម៉ោង៦ ល្ងាច ឈ្មោះ ពេជ្រ ប៊ុនថា តែងតែទូរស័ព្ទទៅក្រុមការងារ ដើម្បីបញ្ជាឱ្យផ្ទេរប្រាក់ចំនួន ១១០.០០០រៀល តាមការកំណត់របស់ខ្លួន។
ក្រោយទទួលបានចម្លើយសារភាពពីជនសង្ស័យទាំងបី សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងនាំខ្លួនឈ្មោះ ពេជ្រ ប៊ុនថា ដែលត្រូវបានចោទថាជាអ្នករៀបចំ និងដឹកនាំសកម្មភាពឆបោក មកសាកសួរបន្ថែម។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ពេជ្រ ប៊ុនថា បានសារភាពថា ខ្លួនពិតជាបានរៀបចំក្រុមមនុស្សឱ្យដើរឃោសនា និងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពឆបោក ព្រមទាំងបានរៀបចំឯកសារស្នើសុំជំនួយកសាងវត្ត និងឯកសារផ្សេងៗ ដើម្បីឱ្យសមាជិកក្រុមយកទៅប្រើប្រាស់ក្នុងពេលចុះប្រមូលប្រាក់តាមភូមិ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូសណ្ដោងរ៉ឺម៉កកង់បីចំនួនមួយគ្រឿង ប្រាក់រៀលចំនួន ១៣០.០០០រៀល លិខិតសម្គាល់ខ្លួនចំនួនមួយច្បាប់ និងលិខិតអំពាវនាវដែលចេញដោយព្រះចៅអធិការវត្តចំនួនមួយសន្លឹក។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញបន្តចាត់ការតាមនីតិវិធីច្បាប់ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





