ខេត្តបាត់ដំបង៖ បទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប នៃខេត្តបាត់ដំបង បានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ ដោយមានចំនួនសរុប ៩៨ករណី ថយចុះចំនួន ៧៦ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួន ១៧៤ករណី។
លោក ជួង សុភាព នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ គិតត្រឹមខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះបង្ក្រាបបទល្មើសនេសាទក្នុងដែនបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សរុបចំនួន ៩៨ករណី។
ក្នុងនោះ មានសំណុំរឿងចំនួន ១៨ករណី ត្រូវបានបញ្ជូនទៅតុលាការ និង ៨០ករណីទៀត ត្រូវបានចុះបំផ្លាញឧបករណ៍នេសាទខុសច្បាប់។
លោកបានបញ្ជាក់ថា លទ្ធផលនេះ បានបង្ហាញពីការថយចុះចំនួន ៧៦ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលកម្លាំងជំនាញបានបង្ក្រាបបទល្មើសនេសាទសរុបចំនួន ១៧៤ករណី។
ក្នុងនោះ សំណុំរឿងចំនួន ២៩ករណី ត្រូវបានបញ្ជូនទៅតុលាការ ករណីចំនួន ១០៤ ត្រូវបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់ និង ៤១ករណីទៀត ត្រូវបានអនុវត្តវិធានការពិន័យអន្តរការណ៍។
លោក ជួង សុភាព បានលើកឡើងថា កត្តាសំខាន់ដែលធ្វើឱ្យបទល្មើសនេសាទមានការថយចុះ គឺដោយសារកិច្ចសហការល្អរវាងមន្ត្រីជំនាញជលផល និងកងកម្លាំងយោធា ដែលបានឈរជើងការពារនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង អស់រយៈពេលជិត ២ឆ្នាំមកហើយ។
ក្រៅពីនេះ ក៏មានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដែលបានរួមចំណែកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ។
ជាក់ស្តែង កាលពីថ្ងៃទី២២ និងទី២៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងចម្រុះដែលមានការចូលរួមពីមន្ត្រីយោធាភូមិភាគទី៥ និងតំបន់ប្រតិបត្តិការសឹករង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកឯកភ្នំ ដោយប្រើប្រាស់កាណូតស្មាច់ចំនួន ៩គ្រឿង និងមានកម្លាំងសរុប ៣២នាក់។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទចំនួន ១២ករណី និងកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន របាំងសាច់មងប្រវែង ៤.០៩០ម៉ែត្រ បង្គោលចំនួន ៩៥០ដើម និងឡុកចាប់ត្រីចំនួន ២០ឡុក។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានសង្គ្រោះ និងព្រលែងកូនត្រីចម្រុះប្រមាណ១៥០គីឡូក្រាម ឱ្យត្រឡប់ទៅក្នុងបឹងធម្មជាតិវិញ ដើម្បីចូលរួមការពារ និងអភិរក្សធនធានជលផល។
ការថយចុះនៃបទល្មើសនេសាទនេះ ត្រូវបានចាត់ទុកថា ជាលទ្ធផលវិជ្ជមានមួយក្នុងការពង្រឹងការគ្រប់គ្រងធនធានជលផល និងការពារប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដែលជាប្រភពធនធានធម្មជាតិដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








