ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (KTV) ចំនួនពីរក្បែរគ្នា ដែលសង្ស័យថាមានបង្កប់សេវាកម្មផ្លូវភេទ និងប្រើប្រាស់កម្លាំងពលកម្មលើនារីអនីតិជន ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញបានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ប្រហែល ១១ យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុងចាក់សំរាមចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទីតាំងទាំងពីរដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាប រួមមាន: ហាងផឹកស៊ីយីហោ«គោដុត រិទ្ធ វិទូ» និងទីតាំងខារ៉ាអូខេយីហោ «ឃ្លាំង ខារ៉ាអូខេ» ដែលមានទីតាំងនៅក្បែរគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា: ការចុះបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មានសង្ស័យថា ទីតាំងទាំងពីរអាចមានសកម្មភាពបង្កប់សេវាកម្មផ្លូវភេទ ព្រមទាំងមានការជួលនារីដែលមិនទាន់គ្រប់អាយុឱ្យបម្រើការងារនៅក្នុងទីតាំងទាំងនោះ។
ដោយផ្អែកលើព័ត៌មាន និងការសង្ស័យខាងលើ សមត្ថកិច្ចក៏បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបភ្លាមៗ។
ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងនាំយកទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ និងស្រាវជ្រាវបន្ថែម មុនបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីចំនួនអ្នកត្រូវបានឃាត់ខ្លួន អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងស្ថានភាពនារីអនីតិជនដែលសង្ស័យថាជាជនរងគ្រោះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





