ភ្នំពេញ: សាលារៀនចំនួន ៤២៧ នៅទូទាំងប្រទេស នឹងត្រូវទទួលការវាយតម្លៃដើម្បីជ្រើសរើសជាសាលារៀនគំរូសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយផ្អែកលើស្តង់ដាសំខាន់ៗចំនួន៥ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។
ស្តង់ដាទាំង៥ នៃសាលារៀនគំរូ រួមមាន៖ ទី១-លទ្ធផលសិក្សារបស់សិស្ស ទី២-ដំណើរការបង្រៀន និង ទី៣-ការចូលរួមរបស់សហគមន៍។ ទី ៤- ដំណើរការប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងទី ៥-គណនេយ្យភាពសាលារៀន។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំយន្តការ និងនីតិវិធីនៃការវាយតម្លៃសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦» លោក ហួ ឈុនគ្រី អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងចំណោមសាលារៀនទាំង ៤២៧ ដែលត្រូវចុះវាយតម្លៃ រួមមាន: សាលាមត្តេយ្យសិក្សាចំនួន ៣០ សាលា សាលាបឋមសិក្សា ២៥៣ សាលា អនុវិទ្យាល័យ ៣៥ សាលា និងវិទ្យាល័យ ១០៩ សាលា។
លោក ហួ ឈុនគ្រី បានណែនាំឱ្យអនុវិស័យនីមួយៗរៀបចំបញ្ជីឈ្មោះសាលារៀនដែលជាបេក្ខភាពសម្រាប់ការវាយតម្លៃ ដោយត្រូវមានការចុះហត្ថលេខាទទួលស្គាល់ពីប្រធានអង្គភាព ដើម្បីដាក់ស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ សម្រាប់ការចុះវាយតម្លៃជាក់ស្តែង។
ទន្ទឹមនឹងនេះ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ និងអនុវិស័យពាក់ព័ន្ធ ត្រូវសហការគ្នាធ្វើបច្ចុប្បន្នភាពឧបករណ៍វាយតម្លៃ និងរៀបចំផែនការថវិកាសម្រាប់ការចុះវាយតម្លៃ។
មុនពេលអនុវត្តការងារ ក្រុមការងារទាំងអស់ត្រូវទទួលការតម្រង់ទិសអំពីការប្រើប្រាស់ឧបករណ៍វាយតម្លៃឱ្យបានច្បាស់លាស់ ជាពិសេសការបែងចែកភារកិច្ច និងការទទួលខុសត្រូវទៅតាមស្តង់ដាទាំង៥។
លើសពីនេះ ត្រូវរៀបចំកាលវិភាគ និងកម្មវិធីចុះវាយតម្លៃឱ្យបានច្បាស់លាស់ ព្រមទាំងជូនដំណឹងជាមុនដល់អង្គភាព និងសាលារៀនដែលត្រូវទទួលការវាយតម្លៃ ដើម្បីធានាឱ្យគ្រប់ភាគីពាក់ព័ន្ធបានត្រៀមលក្ខណៈជាស្រេច។
ជាមួយគ្នានេះ ការវាយតម្លៃសាលារៀនគំរូត្រូវអនុវត្តតាមគោលការណ៍យុត្តិធម៌ និងតម្លាភាព ដោយផ្អែកលើឯកសារ របាយការណ៍ និងការផ្តល់អនុសាសន៍សម្រាប់ការកែលម្អគុណភាពអប់រំ។
ជាពិសេស ក្នុងអំឡុងពេលចុះវាយតម្លៃ ក្រុមការងារត្រូវយកលទ្ធផលនៃការវាយតម្លៃខ្លួនឯងរបស់សាលារៀនធ្វើជាមូលដ្ឋានសំខាន់ក្នុងដំណើរការវាយតម្លៃផងដែរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






