ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បង្ហាញលទ្ធផលបង្ក្រាប Online Scams ដល់អង្គទូត និងអង្គការអន្តរជាតិ៖ ទីតាំងសង្ស័យ ៩៧២ កន្លែងត្រូវបានចាត់វិធានការ និងជនសង្ស័យជាង ៥,០០០ នាក់ត្រូវបានចោទប្រកាន់!!

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញលទ្ធផលនៃយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទូទាំងប្រទេស ជូនដល់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា ដោយបញ្ជាក់ថា ក្នុងរយៈពេលជាងមួយឆ្នាំ អាជ្ញាធរបានចាត់វិធានការលើទីតាំងសង្ស័យចំនួន ៩៧២ កន្លែង និងចោទប្រកាន់ជនសង្ស័យចំនួន ៥,០៣២ នាក់ ពាក់ព័ន្ធនឹងបទល្មើសនេះ។

ការបង្ហាញលទ្ធផលនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស Online Scams កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្រោមកិច្ចសម្របសម្រួលរបស់លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកអង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិចំនួន ៤៦ រូបដោយផ្ទាល់ ព្រមទាំងតំណាងស្ថានតំណាងកម្ពុជានៅក្រៅប្រទេសចំនួន ១៨ រូប តាមប្រព័ន្ធនិម្មិត។

ក្នុងឱកាសនោះ លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយលើកឡើងពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនបី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យុទ្ធសាស្ត្រទីមួយ គឺការបន្តអនុវត្តការប្តេជ្ញាចិត្តទាំង ១១ ចំណុច ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ (Phnom Penh Declaration) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពាក់ព័ន្ធនឹងវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើបុគ្គល និងនីតិបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបណ្តាញ Prince Group រាជរដ្ឋាភិបាលកម្ពុជាបានទទួលយកព័ត៌មានពាក់ព័ន្ធ និងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ។

កម្ពុជាក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ រួមមាន FBI និង Interpol ដើម្បីស្រាវជ្រាវ និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះឱ្យដល់ឫសគល់។

យុទ្ធសាស្ត្រទីពីរ គឺការលុបបំបាត់អំពើជួញដូរមនុស្ស និងផ្តល់កិច្ចគាំពារដល់ជនរងគ្រោះ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ដល់ការបង្ក្រាបបទល្មើសជួញដូរមនុស្ស ការកំណត់អត្តសញ្ញាណជនបរទេសដែលត្រូវបានបោកបញ្ឆោត ឬបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ និងការសម្របសម្រួលបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ស្របតាមនីតិវិធីច្បាប់ និងគោលការណ៍មនុស្សធម៌អន្តរជាតិ។

ទោះជាយ៉ាងណា លោកឆៃ ស៊ិនណារិទ្ធិ បានសង្កត់ធ្ងន់ថា ជនបរទេសណាដែលស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពឆបោក ដើម្បីទទួលបានប្រាក់កម្រៃ ឬនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ មិនអាចត្រូវបានចាត់ទុកជាជនរងគ្រោះឡើយ ហើយត្រូវប្រឈមមុខនឹងច្បាប់ជាធរមាន។
យុទ្ធសាស្ត្រទីបី គឺការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមេខ្លោង និងការកាត់ផ្តាច់ចរន្តលាងសម្អាតប្រាក់។

លោកឆៃ ស៊ិនណារិទ្ធិ បានបញ្ជាក់ថា អាជ្ញាធរមិនចាំបាច់រង់ចាំបណ្តឹងពីជនរងគ្រោះនោះទេ ដោយអាចប្រើប្រាស់ភស្តុតាងឌីជីថលដែលប្រមូលបានពីឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកសាងសំណុំរឿង ចោទប្រកាន់ និងផ្តន្ទាទោសអ្នកពាក់ព័ន្ធ។

ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជា
កំពុងពង្រីកការស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុ ការលាក់បាំងប្រភពទ្រព្យសម្បត្តិ ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Cryptocurrency) និងកាស៊ីណូដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយបន្លំប្រតិបត្តិការអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។

តាមរបាយការណ៍ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយ អាជ្ញាធរបានដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១៨ ដែលមានការជាប់ពាក់ព័ន្ធនឹងបណ្តាញ Prince Group របស់លោក Chen Zhi និងលោក លី គួង ព្រមទាំងបានព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១០ ផ្សេងទៀត។

ទាក់ទិននឹងលទ្ធផលនៃយុទ្ធនាការបង្ក្រាបបទល្មើស Online Scams ទូទាំងប្រទេស របាយការណ៍បានបង្ហាញថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរបានចាត់វិធានការលើទីតាំងសង្ស័យចំនួន ៩៧២ កន្លែង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥៦៨ ករណី។

ក្នុងចំណោមនោះ ជនសង្ស័យចំនួន ៥,០៣២ នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំនីតិវិធីរបស់តុលាការ ខណៈជនបរទេសចំនួន ២៣,៧៦០ នាក់ មកពី ៣៨ សញ្ជាតិ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។
ចំពោះវិធានការផ្នែកហិរញ្ញវត្ថុ អាជ្ញាធរបានបង្កកប្រាក់ក្នុងគណនីធនាគារចំនួនជាង ៣០០ លានដុល្លារអាមេរិក ព្រមទាំងទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុដែលមានតម្លៃរាប់រយលានដុល្លារអាមេរិកផ្សេងទៀត។ ទ្រព្យសម្បត្តិទាំងនេះកំពុងឈានទៅអនុវត្តនីតិវិធីរឹបអូសតាមច្បាប់ជាធរមាន។

ជាចុងក្រោយ លោក ឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងអំពាវនាវឱ្យប្រទេសជាដៃគូ អង្គការអន្តរជាតិ ព្រមទាំងសារព័ត៌មានជាតិ និងអន្តរជាតិ បន្តសហការផ្តល់ព័ត៌មាន តម្រុយ និងភស្តុតាងជាក់ស្តែង ដើម្បីជួយអាជ្ញាធរកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម