ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរហាមឃាត់ដាច់ខាតការបង្ហោះខ្លែង និងប្រើប្រាស់ដ្រូននៅរាជធានីភ្នំពេញ អំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី!

ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការហាមឃាត់ដាច់ខាតការបង្ហោះខ្លែង និងការប្រើប្រាស់ដ្រូនដោយគ្មានការអនុញ្ញាត ដើម្បីថតរូបភាព និងវីដេអូ នៅទូទាំងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

តាមសេចក្តីណែនាំដែលចេញនៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា វិធានការនេះ មានគោលបំណងធានាសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងពេលកិច្ចប្រជុំអន្តរជាតិដ៏សំខាន់នេះ ដែលរំពឹងថានឹងមានតំណាងមកពីប្រទេសជាង៧០ ចូលរួមនៅរាជធានីភ្នំពេញ។

ក្រៅពីការហាមឃាត់ការបង្ហោះខ្លែង និងការប្រើប្រាស់ដ្រូនដោយគ្មានការអនុញ្ញាត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថាន ព្រមទាំងរៀបចំការលើកទង់ជាតិនៅមុខលំនៅឋានឱ្យបានសមរម្យ និងមានរបៀបរៀបរយ។

ជាមួយគ្នានេះ អាជ្ញាធរក៏បានហាមឃាត់ការចតយានយន្តនៅតាមដងផ្លូវមួយចំនួនដែលបានកំណត់ផងដែរ។

ចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលមានការរៀបចំសន្តិសុខ ត្រូវសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីសម្រួលចរាចរណ៍ និងបញ្ចៀសការកកស្ទះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា មានប្រទេសជាង២០ នឹងបញ្ជូនប្រធានាធិបតី និងនាយករដ្ឋមន្ត្រីមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈប្រទេស និងតំណាងអ្នកសង្កេតការណ៍សរុបជាង៧០ បានចុះឈ្មោះចូលរួមរួចហើយ។

យោង ប្រសាសន៍របស់សម្តេច នាយករដ្ឋមន្ត្រី, ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ក្រៅពីនេះ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ព្រមទាំងតំណាងប្រទេសសមាជិក និងប្រទេសជាអ្នកសង្កេតការណ៍ជាង២០ប្រទេសទៀត ក៏គ្រោងនឹងដឹកនាំគណៈប្រតិភូមកចូលរួមដោយផ្ទាល់ផងដែរ។

ទោះជាយ៉ាងណា បញ្ជីឈ្មោះមេដឹកនាំនៃប្រទេសទាំងនោះ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។

ថ្នាក់ដឹកនាំ រដ្ឋាភិបាលកម្ពុជា បាន ចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីថា ជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់កិត្យានុភាព និងភាពលេចធ្លោរបស់កម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងជំរុញការសន្ទនា និងពង្រឹងបណ្តាញទំនាក់ទំនងរវាងតួអង្គសេដ្ឋកិច្ច ស្ថាប័ន និងស្ថាប័នកុងស៊ុលនានាក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម