រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ជិះកង់អូដាកចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា ដោយមានកីឡាករ កីឡាការិនី និងអ្នកស្រឡាញ់កីឡាជិះកង់ជាតិ និងអន្តរជាតិចូលរួមសរុបប្រមាណ ៦០០នាក់នាទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ព្រឹត្តិការណ៍ជិះកង់នេះ មានចម្ងាយសរុប ៧៣គីឡូម៉ែត្រ ដែលជាតួលេខដ៏មានអត្ថន័យតំណាងឱ្យខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា» តួយ៉ាង ឯកឧត្តមរដ្ឋមន្ត្រី ក៏មានប្រសាសន៍លើកឡើងបន្ថែមថា ការជួបជុំគ្នានេះក៏ជាឱកាសរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងការទាមទារឯករាជ្យពេញលេញជូនជាតិមាតុភូមិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ជិះកង់នេះក៏ជាសកម្មភាពអបអរសាទរឆ្ពោះទៅកាន់ «ភូមិហ្វ្រង់កូហ្វូនី» ដែលក្រសួងទេសចរណ៍ទទួលភារកិច្ចរៀបចំ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ហើយព្រឹត្តិការណ៍នេះនឹងបើកឱកាសឱ្យសាធារណជនស្វែងយល់ពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ និងសក្តានុពលទេសចរណ៍របស់កម្ពុជា និងបណ្តាប្រទេសចូលរួម។
តាមការគ្រោងទុក «ភូមិហ្វ្រង់កូហ្វូនី» នឹងមានពន្លាជាតិសម្រាប់បង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងសក្តានុពលទេសចរណ៍ ព្រមទាំងស្តង់ពិព័រណ៍ទូទៅចំនួន ១៣០ ស្តង់ សម្រាប់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង ស្ថាប័នរដ្ឋ និងផលិតផលនិងសេវាកម្មពីវិស័យឯកជន។ ភូមិម្ហូបអាហារចំនួន ៣០ ស្តង់ នឹងផ្តល់ឱកាសឱ្យភ្ញៀវភ្លក់រសជាតិម្ហូបប្រពៃណីខ្មែរ និងមុខម្ហូបអន្តរជាតិ ដោយអ្នកទស្សនាក៏អាចរីករាយជាមួយការសម្តែងសិល្បៈ ការប្រគុំតន្ត្រី និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ ព្រមទាំងចូលរួមសន្និសីទ និងកិច្ចពិភាក្សានានា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិការណ៍នេះជាឱកាសបង្ហាញដល់ភ្ញៀវអន្តរជាតិពីភាពសម្បូរបែបនៃវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់កម្ពុជា ព្រមទាំងភាពកក់ក្តៅនៃបដិសណ្ឋារកិច្ចខ្មែរ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យរួមគ្នា «នាំអច្ឆរិយភាពកម្ពុជា ទៅកាន់ពិភពលោក» និង «នាំពិភពលោកមកស្គាល់បេះដូងដ៏កក់ក្តៅរបស់កម្ពុជា»។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា «ភូមិហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ដោយបើកឱ្យចូលទស្សនាដោយសេរី និងឥតគិតថ្លៃ ពោលគឺ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសាធារណជនចែករំលែករូបភាព និងសារអំពីព្រឹត្តិការណ៍នេះ តាមរយៈយុទ្ធនាការ «១ នាក់, ១ រូបភាព និង ១ សារ»។រក្សាសិទ្ធដោយ៖សុទ្ធលី





















