ខេត្តបន្ទាយមានជ័យ៖ អំពើឃាតកម្មដ៏សាហាវមួយបានបង្កការភ្ញាក់ផ្អើលនៅវេលារំលងអធ្រាត្រ បន្ទាប់ពីបុរសវ័យ៣៧ឆ្នាំម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណកាប់ប្រហារចំនួន៣កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ករណីនេះត្រូវបានសមត្ថកិច្ចសង្ស័យថា អាចផ្តើមចេញពីជម្លោះស្នេហាត្រីកោណ ពាក់ព័ន្ធនឹងការលួចទាក់ទងប្រពន្ធរបស់ជនដៃដល់ ខណៈជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់។
ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណថា ឈ្មោះ អ៊ុក ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាកម្មករដំឡើងទុយោទឹកស្អាត មានស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងបច្ចុប្បន្នស្នាក់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះ មុនពេលកើតហេតុ ខណៈជនរងគ្រោះកំពុងដើរតាមផ្លូវនៅពេលយប់ ស្រាប់តែត្រូវជនដៃដល់ប្រដាប់ដោយកាំបិតស្ទាក់កាប់ប្រហារយ៉ាងសាហាវចំនួន៣កន្លែង រួមមាន កញ្ចឹងក ស្មាឆ្វេង និងកែងដៃ។
ទោះបីរងរបួសធ្ងន់ធ្ងរក៏ដោយ ជនរងគ្រោះនៅតែព្យាយាមរត់គេចពីកន្លែងកើតហេតុបានចម្ងាយជិត១០០ម៉ែត្រ រហូតដល់មុខផ្ទះមួយកន្លែង រួចស្រែកហៅឱ្យគេជួយ មុនពេលដួលសន្លប់បាត់បង់ស្មារតី។
ភ្លាមៗនោះ សាច់ញាតិ និងអ្នកធ្វើការជាមួយបាននាំគ្នារត់ចេញមកជួយ ប៉ុន្តែបានឃើញជនដៃដល់ជិះម៉ូតូគេចខ្លួនបាត់ទៅហើយ។
ពួកគេក៏បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ប៉ុន្តែអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតក្រោយពេលទៅដល់មន្ទីរពេទ្យ។
ពាក់ព័ន្ធនឹងមូលហេតុនៃអំពើឃាតកម្មនេះ មន្ត្រីនគរបាលយុត្តិធម៌បានឱ្យដឹងថា តាមការស្រាវជ្រាវ និងការស៊ើបអង្កេតជាបឋម សមត្ថកិច្ចសង្ស័យថា ករណីនេះផ្តើមចេញពីជម្លោះស្នេហាត្រីកោណ ដោយជនរងគ្រោះត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ជនដៃដល់អស់រយៈពេលជាច្រើនខែមកហើយ។
ប្រភពដដែលបន្តថា ជនដៃដល់ និងជនរងគ្រោះជាអ្នកធ្វើការជាមួយគ្នា ព្រមទាំងរស់នៅក្នុងភូមិជាមួយគ្នាផងដែរ។
កន្លងមក ជនដៃដល់ធ្លាប់បានព្រមានជនរងគ្រោះឱ្យបញ្ឈប់ការទាក់ទងជាមួយប្រពន្ធរបស់ខ្លួនជាច្រើនលើក។
រហូតមកដល់ប្រមាណជិតមួយខែមុន ជនដៃដល់បានសម្រេចចិត្តឱ្យប្រពន្ធរបស់ខ្លួនទៅធ្វើការនៅរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការជួបប្រាស្រ័យជាមួយជនរងគ្រោះ ប៉ុន្តែជម្លោះនេះនៅតែមិនអាចបញ្ចប់បាន រហូតឈានដល់អំពើឃាតកម្មដ៏សោកសៅនេះ។
ជុំវិញករណីនេះ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរអំបិលបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវបានជនដៃដល់កាប់ប្រហារចំនួន៣កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យប្រាកដមែន។
បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅតម្កល់ទុកនៅវត្តសុភមង្គល ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។
ដោយឡែក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យបានហើយ និងកំពុងបន្តការស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនជនដៃដល់ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ចំពោះមូលហេតុ និងស្ថានភាពជាក់លាក់នៃករណីនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបអង្កេតនៅឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





