ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

របាយការណ៍នេះ គឺជារបាយការណ៍លើកទី៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់។ លទ្ធផលនៃការស្ទង់មតិ ដែលបានរៀបចំឡើង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៥ កន្លងទៅ នៅតែបានបង្ហាញឱ្យឃើញពីសេចក្តីពេញចិត្តខ្ពស់របស់វិស័យឯកជន លើវិធានការនិងប្រសិទ្ធភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងគុណភាពនៃកិច្ចសន្ទនានិងកិច្ចសហការរវាងរដ្ឋនិងវិស័យឯកជន។ ជារួម ការដាក់ចេញនូវវិធានការនេះ អាចបង្កើនលទ្ធភាពដល់ក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យផ្សេងៗ និងពង្រីកប្រតិបត្តិការអាជីវកម្មបន្ថែម។ ទន្ទឹមនេះ ក្នុងចំណោមអ្នកស្ទង់មតិនៅតែវាយតម្លៃថា ការធ្វើកំណែទម្រង់លើអភិបាលកិច្ច បទប្បញ្ញត្តិច្បាប់ និងពន្ធដារ មានឥទ្ធិពលខ្លាំងជាងគេបំផុតលើអាជីវកម្ម។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ បានកាន់តែខិតជិតទៅសម្រេចបានពេញលេញ១០០% ហើយវិធានការសម្រេចបានពេញលេញមានចំនួន ១៧៣ (ស្មើនឹងប្រមាណ ៩៦.៦% នៃវិធានការសរុបចំនួន ១៧៩) កើនឡើង ៤វិធានការ បើធៀបនឹងការអនុវត្តក្នុងឆ្នាំ២០២៥ ខណៈវិធានការដែលកំពុងត្រូវបានអនុវត្តនៅសល់ត្រឹមតែចំនួន ៦វិធានការ ស្មើនឹងប្រមាណ ៣,៤% នៃវិធានការសរុបតែប៉ុណ្ណោះ។ វិធានការដែលកំពុងត្រូវបានអនុវត្តទាំង៦នេះ ភាគច្រើនសម្រេចបានវឌ្ឍនភាពសំខាន់ៗនិងកំពុងអនុវត្តជាប្រចាំសំដៅឈានទៅរកការសម្រេចបានពេញលេញនាពេលខាងមុខ.

គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក

កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រួមមាន ២៥មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌគាំទ្រនិងជំរុញការអនុវត្តវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយផ្អែកលើការផ្លាស់ប្តូរទិន្នន័យ និងឯកសារពាណិជ្ជកម្មនៅក្នុងទម្រង់អេឡិចត្រូនិក។ ក្របខ័ណ្ឌគាំទ្រនេះ មានគោលដៅដោះស្រាយបញ្ហាប្រឈមក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ ទី១. ការកាត់បន្ថយនូវរបាំងផ្នែកគតិយុត្តនិងបច្ចេកទេស ទី២. ការកាត់បន្ថយថ្លៃធ្វើពាណិជ្ជកម្ម ទី៣. ការបំពេញបន្ថែមក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មក្រោមក្របខ័ណ្ឌ WTO និង ទី៤. ការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ គឺជាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ បានចូលជាធរមានជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីប្រទេសចំនួន៥ បានតម្កល់លិខិតូបករណ៍ផ្តល់សច្ចាប័នរួចរាល់។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រទេសចំនួន១៥ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ ប្រទេសចំនួន២ ដែលបានចុះហត្ថលេខារួច ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័ន គឺប្រទេសអាមេនី និងកម្ពុជា។

ក្នុងបរិបទដែលកម្ពុជាត្រូវត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ នឹងអាចជួយពង្រឹងសមត្ថភាពកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការធុរកិច្ចអន្តរជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យស្របតាមនវានុវត្តន៍អន្តរជាតិ ដែលជាកត្តាចាំបាច់ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា។ បន្ថែមពីលើនេះ ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ក៏នឹងជួយបំពេញបន្ថែមដល់ការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO TFA) ដែលកម្ពុជាបានផ្តល់សច្ចាប័ន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ឱ្យកាន់តែមានប្រសិទ្ធភាព។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន។

ពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ មានចំនួន ៦ មាត្រា និងបរិសិដ្ឋ មាន ១៤ជំពូក ក្នុងនោះ ៤ជំពូកត្រូវបានធ្វើវិសោធនកម្ម ៥ជំពូកទៀតរក្សាទុកដដែល និងបន្ថែមជំពូកថ្មីចំនួន ៥។ ពិធីសារនេះ មានគោលបំណងសំខាន់ៗ ដូចជា ក). ដាក់បញ្ចូលនូវជំពូកថ្មីចំនួន ៥ រួមមាន ១. ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ២. សេដ្ឋកិច្ចឌីជីថល ៣. សេដ្ឋកិច្ចបៃតង ៤. ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និង ៥. សហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានកែសម្រួលនិងបញ្ចូលធាតុចូលដែលមានតម្លៃបន្ថែមលើជំពូកស្តីពីនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម អនាម័យនិងភូតគាមអនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ដែលនឹងផ្តល់ផលប្រយោជន៍ដល់បណ្តាភាគីទាំងអស់រួមទាំងកម្ពុជា ក្នុងការពង្រីកនិងធ្វើទំនើបកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកល ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់រឹងមាំ ខ). ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្មកិច្ចព្រមព្រៀង និងពន្លឿនការស្តារឡើងវិញ ក្រោយវិបត្តិនៃជំងឺរាលដាលជាសកល ដោយពិចារណាលើបម្រែបម្រួលនៃនិន្នាការធុរកិច្ចទូទាំងពិភពលោក និងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាភាគី លុបបំបាត់រាល់របាំងមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងធានានូវបរិយាកាសពាណិជ្ជកម្មដែលប្រកបដោយតម្លាភាព និងអាចព្យាករណ៍បាន និង គ). ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាភាគី ដើម្បីធានាថា ភាគីនីមួយៗអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្ថាប័ន លើកកម្ពស់កិច្ចសហប្រតិបត្តិការ និយតកម្ម ព្រមទាំងបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ជាអាទិ៍។

ពិធីសារនេះផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា រួមមាន ១. ពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ២. ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ៣. បង្កើនថវិកាជាតិ ៤. ពង្រឹងវិស័យដែលមានស្រាប់ក្រោមជំពូកចំនួន៤ ដើម្បីឆ្លើយតបកាន់តែប្រសើរចំពោះការវិវត្តនៃពាណិជ្ជកម្ម និងនិន្នាការសេដ្ឋកិច្ចក្នុងតំបន់និងសកល ៥. ពង្រឹងសក្តានុពលកំលាំងពលកម្ម សហគ្រិនភាពក្នុងស្រុក ៦. ការទទួលបាននូវជម្រើសទំនិញនិងសេវាកម្មកាន់តែច្រើន និង ៧. បន្ថែមជំពូកថ្មីចំនួន៥ (ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម) ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះមានភាពទំនើប។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម