ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំ

ស្ថានឯកអគ្គរាជទូតកម្ពុជា ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានកត់សម្គាល់ចំពោះអត្ថបទទស្សនៈដែលមានចំណងជើង ថា “កេរ្តិ៍ឈ្មោះរបស់កម្ពុជាអាចត្រូវបានស្ដារឡើងវិញបាន លុះត្រាតែមានការបង្ក្រាបអំពើឆបោកជាបន្តបន្ទាប់» ដែលបានចុះផ្សាយដោយសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺរបស់ស្ថានទូតដែលមានចំណងជើងថា «សេចក្តីបំភ្លឺស្តីពីកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការគ្រប់ជ្រុងជ្រោយ និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទម្រង់ផ្សេងៗនៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំ រួមមាន ការពង្រឹងការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់គណនេយ្យភាព ការការពារ ជនរងគ្រោះ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្ថានទូតសូមបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែជាអាទិភាពជាតិ ជាបន្តបន្ទាប់របស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ពីភាពធ្ងន់ធ្ងរ និងលក្ខណៈឆ្លងដែននៃបទល្មើស ទាំងនេះ ដែលបង្កការគំរាមកំហែងដល់សន្តិសុខសាធារណៈ កេងប្រវ័ញ្ចលើជនងាយរងគ្រោះ និងធ្វើឱ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ចស្របច្បាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ

ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា រាជរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការនៅទូទាំងប្រទេស ដើម្បីបង្ក្រាប និងរំលាយបណ្តាញឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្វែងរក និងចាត់វិធានការចំពោះមេក្លោងឧក្រិដ្ឋកម្ម ទប់ស្កាត់សកម្មភាពហិរញ្ញវត្ថុ ខុសច្បាប់ និងពង្រឹងកិច្ចសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ច។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបាន គាំទ្រដោយការពង្រឹងយន្តការច្បាប់ និងស្ថាប័ន រួមទាំងការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

ដូចដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានរាយការណ៍កន្លងមក ប្រតិបត្តិការអនុវត្តច្បាប់បាននាំឱ្យមាន ការស៊ើបអង្កេត និងការបិទទីតាំងដែលសង្ស័យថាពាក់ព័ន្ធនឹងការឆបោក ការបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ ទៅតុលាការ ការបង្កកមូលនិធិដែលសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ និងការចាត់វិធានការតាម

បទប្បញ្ញត្តិចំពោះអាជីវកម្មដែលជាប់ពាក់ព័ន្ធ។ វិធានការផ្លូវច្បាប់ និងវិន័យក៏ត្រូវបានអនុវត្តចំពោះមន្ត្រី សាធារណៈ និងមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាចិត្តធានាថា រាល់ការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវបានស៊ើបអង្កេតស្របតាមច្បាប់ ហើយការកំណត់ការទទួលខុសត្រូវត្រូវធ្វើឡើងតាមនីតិវិធីច្បាប់សមស្រប ដោយផ្អែកលើភស្តុតាងដែលអាចជឿទុកចិត្តបាន និងដោយមិនប្រកាន់ឋានៈ ឬតួនាទីរបស់បុគ្គលណា ម្នាក់ឡើយ។ វិធីសាស្ត្ររបស់រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការបង្ក្រាប និងរំលាយបណ្តាញឧក្រិដ្ឋកម្ម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការពង្រឹងវិធានការបង្ការ ការការពារជនងាយរងគ្រោះ និងការកាត់បន្ថយ ហានិភ័យនៃការកើតមានឡើងវិញនៃបទល្មើសទាំងនេះផងដែរ។

ដោយទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ កម្ពុជាបាន ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការ សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ ការចែករំលែកព័ត៌មាន ការការពារជនរងគ្រោះ និងការចាត់វិធានការរួមគ្នា។

រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការប្រុងប្រយ័ត្ន ជាបន្តបន្ទាប់ ការអនុវត្តច្បាប់ប្រកបដោយភាពខ្ជាប់ខ្ជួន និងការកែលម្អស្ថាប័នឥតឈប់ឈរ។ ដូច្នេះ អាជ្ញាធរ កម្ពុជានៅតែបន្តការស៊ើបអង្កេត និងប្រតិបត្តិការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម រួមទាំងប្រតិបត្តិការខុសច្បាប់ ដែលមានទំហំតូច និងមានការលាក់បាំងកាន់តែសម្ងាត់ផងដែរ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមស្វាគមន៍ចំពោះការចូលរួមក្នុងស្មារតីស្ថាបនា និងលើក ទឹកចិត្តឱ្យមានការរាយការណ៍ព័ត៌មានប្រកបដោយភាពសត្យានុម័ត តុល្យភាព និងផ្អែកលើអង្គហេតុ ដោយ ទទួលស្គាល់ទាំងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ និងវិធានការជាក់ស្តែង ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម