វៀតណាម៖ ជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់វៀតណាម! រដ្ឋសភាប្រទេសនេះបានអនុម័តក្រមព្រហ្មទណ្ឌកែសម្រួលថ្មី ដោយសម្រេចដកបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសធ្ងន់ធ្ងរមួយចំនួនទៀតចេញពីបញ្ជីដែលអាចទទួលទោសប្រហារជីវិត។
ការសម្រេចនេះ បានធ្វើឱ្យវៀតណាមនៅសល់បទល្មើសត្រឹមតែ ៤ ប្រភេទប៉ុណ្ណោះ ដែលអាចឈានដល់ការកាត់ទោសប្រហារជីវិត។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
តើបទល្មើសអ្វីខ្លះដែលនៅតែអាចប្រឈមនឹងទោសប្រហារជីវិត?
ក្រោមច្បាប់ថ្មី ទោសប្រហារជីវិតនៅតែរក្សាទុកសម្រាប់បទល្មើសចំនួន ៤ រួមមាន៖ ការក្បត់ជាតិ អំពើឃាតកម្ម ភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់។
ចំណែកបទល្មើសដែលត្រូវបានដកចេញពីបញ្ជីទោសប្រហារជីវិត រួមមាន ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការបះបោរ និងការរំលោភសេពសន្ថវៈលើអនីតិជន។
ចំពោះបទល្មើសទាំងនេះ ទោសអតិបរមាដែលអាចអនុវត្តបាន គឺការជាប់ពន្ធនាគារអស់មួយជីវិត។
ការសម្រេចនេះកើតឡើងបន្ទាប់ពីមានការជជែកដេញដោល និងការស្ទាក់ស្ទើរពីសំណាក់សមាជិកសភាមួយចំនួន ជាពិសេសចំពោះការលុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក លឿង តាមក្វាង (Luong Tam Quang) បានបញ្ជាក់ថា ភស្តុតាងបានបង្ហាញថា អ្នកជួញដូរគ្រឿងញៀនមួយចំនួនអាចត្រូវបានល្បួង បោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់។
លោកបានលើកឡើងថា បុគ្គលទាំងនោះនៅតែអាចកែប្រែខ្លួន តាមរយៈការអប់រំ និងការផ្តល់ឱកាសឱ្យកែខ្លួនឡើងវិញ ដូច្នេះការដាក់ទោសប្រហារជីវិតមិនមែនជាជម្រើសចាំបាច់សម្រាប់គ្រប់ករណីនោះទេ។
គួរបញ្ជាក់ថា ការកែប្រែច្បាប់លើកនេះ គឺជាជំហានថ្មីមួយទៀតក្នុងដំណើរការកាត់បន្ថយការប្រើប្រាស់ទោសប្រហារជីវិតរបស់វៀតណាម ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៥។ កាលពីពេលនោះ ក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះបានកំណត់បទល្មើសរហូតដល់ ៤៤ ប្រភេទ ដែលអាចទទួលទោសប្រហារជីវិត។
ចាប់តាំងពីឆ្នាំ២០១៣ វៀតណាមបានប្តូរវិធីប្រហារជីវិតពីការបាញ់សម្លាប់មកជាការចាក់ថ្នាំសម្លាប់វិញ ប៉ុន្តែមិនបានបង្ហាញជាសាធារណៈអំពីចំនួនអ្នកទោសដែលត្រូវបានប្រហារជីវិតនោះទេ។
ដោយឡែក អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានប៉ាន់ប្រមាណថា គិតត្រឹមចុងឆ្នាំ២០២៣ មានអ្នកទោសជាង ១,២០០ នាក់ កំពុងជាប់ទោសប្រហារជីវិតនៅក្នុងប្រទេសវៀតណាម។
កាន់តែគួរឱ្យចាប់អារម្មណ៍ គឺកាលពីខែកញ្ញាកន្លងទៅ តុលាការវៀតណាមទើបតែបានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១ នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនពីប្រទេសបារាំងចូលមកវៀតណាម។
ការកែប្រែច្បាប់នេះបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងគោលនយោបាយព្រហ្មទណ្ឌរបស់វៀតណាម ដោយកាត់បន្ថយប្រភេទបទល្មើសដែលអាចឈានដល់ទោសប្រហារជីវិត ខណៈបទល្មើសធ្ងន់ធ្ងរមួយចំនួននៅតែត្រូវបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN








