ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនអាយុ២១ឆ្នាំម្នាក់ប្រើល្បិចណាត់ស្ត្រីរកស៊ីផ្លូវភេទទៅដេក រួចចងដៃចងជើង ភ្ជង់កាំបិត និង ប្លន់ទ្រព្យសម្បត្តិ?? នៅបាត់ដំបង!

ខេត្តបាត់ដំបង៖ យុវជនវ័យក្មេងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយប្រើល្បិចទុច្ចរិតណាត់ស្ត្រីបម្រើសេវាផ្លូវភេទទៅរួមភេទនៅតាមផ្ទះសំណាក់ ដោយព្រមព្រៀងតម្លៃរួចជាស្រេច ប៉ុន្តែក្រោយពេលបំពេញសកម្មភាពផ្លូវភេទរួច បែរជាមិនព្រមបង់ប្រាក់ ហើយថែមទាំងប្រើហិង្សា ចងដៃចងជើង ភ្ជង់កាំបិត និងប្លន់យកប្រាក់ ទូរស័ព្ទ ព្រមទាំងបង្ខាំងជនរងគ្រោះក្នុងបន្ទប់ទៀតផង។

ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីមានស្ត្រីរងគ្រោះចំនួន២នាក់ ដាក់ពាក្យបណ្ដឹង។

យោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យឈ្មោះ សល ចាន់ឌី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជននេះត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពបែបនេះយ៉ាងហោចណាស់២លើក ក្នុងខែវិច្ឆិកានេះ។

ករណីទី១ បានកើតឡើងនៅផ្ទះសំណាក់ «លី នី» ក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ដោយជនសង្ស័យបានណាត់ស្ត្រីរងគ្រោះម្នាក់ ឱ្យទៅរួមភេទក្នុងតម្លៃ៨០ដុល្លារ។

ប៉ុន្តែក្រោយពេលរួមភេទរួច ជនសង្ស័យមិនត្រឹមតែមិនបង់ប្រាក់តាមការព្រមព្រៀងប៉ុណ្ណោះទេ ថែមទាំងចាប់ចងដៃចងជើង ប្រើកូនកាំបិតភ្ជង់ក និងយកខ្សែរឹតក បង្ខំឱ្យនាងប្រាប់លេខសម្ងាត់ទូរស័ព្ទ និងគណនីធនាគារ ABA ទៀតផង។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបានបង្ខាំងស្ត្រីរងគ្រោះនៅក្នុងបន្ទប់ទឹក បិទទ្វារជាប់ រួចខ្លួនបាត់។

ចំណែកករណីទី២ បានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្ទះសំណាក់ «៧៧៧» ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លើកនេះ ជនសង្ស័យបានណាត់ស្ត្រីម្នាក់ទៀតក្នុងតម្លៃ១០០ដុល្លារ ប៉ុន្តែបន្ទាប់ពីរួមភេទរួច ក៏ប្រើល្បិច និងអំពើហិង្សាដូចករណីមុន ដោយចាប់ចងដៃចងជើង ប្រើកាំបិតគំរាម និងយកស្កុតបិទមាត់ ដើម្បីកុំឱ្យនាងស្រែក។

ជនសង្ស័យថែមទាំងបង្ខំឱ្យនាងបង្ហាញលេខសម្ងាត់ទូរស័ព្ទ និងគណនីធនាគារ រួចផ្ទេរប្រាក់ចេញពីគណនី មុននឹងយកទូរស័ព្ទរបស់នាងទៅជាមួយ។

បន្ទាប់មក ជននេះបានចាក់សោបង្ខាំងនាងទុកក្នុងបន្ទប់ទាំងដៃជើងជាប់ចំណង និងមាត់ជាប់ស្កុត រួចគេចខ្លួនបាត់។

ទោះជាយ៉ាងណា ស្ត្រីរងគ្រោះបានព្យាយាមរើបម្រះរហូតរួចខ្លួន និងទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។

ពាក់ព័ន្ធនឹងករណីនេះ លោក ឈឿង គឹមសុង ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យបានទាក់ទងស្ត្រីរងគ្រោះតាមរយៈកម្មវិធី Telegram ដោយពួកគេធ្លាប់ស្គាល់គ្នាតិចតួចពីមុនមក។
លោកបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងពីស្ត្រីរងគ្រោះទាំង២នាក់ លោកស្នងការបានបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បើកការស៊ើបអង្កេត រហូតកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យបាន។

អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលើស្ត្រីទាំង២នាក់ ដូចការចោទប្រកាន់មែន ហើយសកម្មភាពទាំងនេះត្រូវបានរៀបចំផែនការទុកជាមុន ដោយមានត្រៀមសម្ភារៈរួមមានស្កុត កូនកាំបិត និងខ្សែសម្រាប់ចងជនរងគ្រោះ។

លោក ឈឿង គឹមសុង ក៏បានបញ្ជាក់បន្ថែមថា តាមចម្លើយសារភាព ជនសង្ស័យអាចធ្លាប់ប្រព្រឹត្តសកម្មភាពបែបនេះរហូតដល់៣លើក ឬច្រើនជាងនេះ ប៉ុន្តែជនរងគ្រោះមួយចំនួនមិនហ៊ានដាក់ពាក្យបណ្ដឹង ដោយសារខ្មាសអៀន។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ករណីនេះក៏ជាការដាស់តឿនដល់ជនរងគ្រោះដែលអាចធ្លាប់ជួបប្រទះអំពើហិង្សា ឬការប្លន់ក្នុងលក្ខណៈស្រដៀងគ្នា កុំឱ្យបន្តលាក់បាំងដោយសារភាពខ្មាសអៀន ព្រោះការផ្ដល់ព័ត៌មាន និងដាក់ពាក្យបណ្ដឹងអាចជួយឱ្យសមត្ថកិច្ចស្វែងរកជនល្មើស និងទប់ស្កាត់កុំឱ្យមានជនរងគ្រោះបន្ថែមទៀត៕រក្សាសិទ្ធិគ្រប់យ៉ាង CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម