ខេត្តបាត់ដំបង៖ មហាជន បានឆ្ងល់ថា: តើការផ្អាកការងារកន្លងមកគ្រាន់តែជាវិធានការបណ្តោះអាសន្ន ឬយ៉ាងណា ?? ខណៈលោកស័ក្តិ៥ ចាន់ សុធី នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់មួយករណី ឥឡូវនេះត្រូវបានគេរាយការណ៍ថា បានវិលត្រឡប់មកកាន់តួនាទីដដែលវិញ ដោយមិនមានការប្រកាសជាសាធារណៈច្បាស់លាស់។
ករណីនេះធ្លាប់បង្កការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានការចោទប្រកាន់ថា: មានការបង្វែរខ្លឹមសារសំណុំរឿង និងកែប្រែឈ្មោះជនសង្ស័យក្នុងករណីបើករថយន្តបុកមនុស្សស្លាប់ ដែលត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងថៅកែផ្សារទំនើប ហេង ឆៃលី នៅក្រុងបាត់ដំបង។
ភាពចម្រូងចម្រាសនេះបានឈានដល់ការចាត់វិធានការពីក្រសួងមហាផ្ទៃ ដោយសម្រេចផ្អាកការងារលោក ចាន់ សុធី កាលពីពេលកន្លងមក។
ប៉ុន្តែអ្វីដែលកំពុងធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនចាប់អារម្មណ៍ គឺការវិលត្រឡប់មកកាន់តួនាទីដដែលរបស់មន្ត្រីរូបនេះ។
តើមានលទ្ធផលស៊ើបអង្កេត ឬសេចក្តីសម្រេចផ្លូវការណាមួយដែលបញ្ជាក់ពីមូលហេតុនៃការវិលត្រឡប់នេះដែរឬទេ? តើការចាត់វិធានការកន្លងមកបានបញ្ចប់ដោយរបៀបណា ហើយតើស្ថាប័នពាក់ព័ន្ធមានការបំភ្លឺជាសាធារណៈដែរឬទេ?
សំណួរទាំងនេះនៅតែទាមទារឱ្យមានការបកស្រាយច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធ ដើម្បីធានាតម្លាភាព គណនេយ្យភាព និងការរក្សាទំនុកចិត្តរបស់សាធារណជនចំពោះការអនុវត្តច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




