ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ ៣នាក់ ក្នុងចំណោមជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន និងកាន់កាប់អាវុធខុសច្បាប់នៅខេត្តព្រះសីហនុ!!

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងចំណោមជនសង្ស័យសរុប ៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ក្នុងគោលបំណងជំរិតទារប្រាក់ពីជនជាតិចិនម្នាក់ ព្រមទាំងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយនគរបាលក្រុងកំពង់សោម ចុះបង្ក្រាបករណីចាប់ជំរិតទារប្រាក់មួយករណី នៅផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានអំពីសកម្មភាពចាប់ឃុំឃាំងជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់។

នៅពេលចុះដល់ទីតាំង កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ រួចបន្តស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សសរុបចំនួន ១៤នាក់ រួមមានជនជាតិចិន ៧នាក់ និងជនជាតិខ្មែរ ៧នាក់។

ក្រោយការសាកសួរ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា ក្នុងចំណោមមនុស្សទាំង ១៤នាក់ មានជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធនឹងបទល្មើសខាងលើ ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថខេត្ត ៣នាក់ ជនជាតិខ្មែរ ១នាក់ផ្សេងទៀត និងជនជាតិចិន ២នាក់។

ចំណែកឯ មនុស្ស ៨នាក់ផ្សេងទៀត មិនមានតម្រុយពាក់ព័ន្ធនឹងបទល្មើសឡើយ ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ៦នាក់ រួមមានឈ្មោះ៖ មន្ត្រីអាវុធហត្ថជនជាតិខ្មែរចំនួន ៣នាក់ ឈ្មោះ រៀម សុខសំរេច អាយុ ៤៦ឆ្នាំ, ហ៊ុន កក្កដា អាយុ ៣៣ឆ្នាំ និង ម៉ុន មាស អាយុ ៣០ឆ្នាំ។

ជនសង្ស័យជនជាតិខ្មែរម្នាក់ទៀតឈ្មោះ ទៀង ហួត អាយុ ៣៦ឆ្នាំ មុខរបរអ្នកបើកបររថយន្ត។

ចំណែកជនជាតិចិនពីរនាក់មានឈ្មោះ SHI HAITAO អាយុ ៣៨ឆ្នាំ និង LI ZONGJUN អាយុ ៤៣ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើមម៉ាក SMITH & WESSON ពណ៌ប្រាក់ ជាមួយគ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ៧គ្រាប់ រថយន្ត Toyota Prius មួយគ្រឿង និងទូរស័ព្ទដៃជាច្រើនគ្រឿង ព្រមទាំងសម្ភារផ្សេងៗទៀត រួមមានលិខិតឆ្លងដែន ២ក្បាល អត្តសញ្ញាណប័ណ្ណនាយទាហាន និងសម្ភារមួយចំនួនដែលសមត្ថកិច្ចបានប្រមូលជាវត្ថុតាង។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ពីជនរងគ្រោះ រួមមានប្រាក់ចំនួន ៥០០ដុល្លារអាមេរិក និងទូរស័ព្ទ iPhone 13 Pro Max មួយគ្រឿង ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ហើយជនរងគ្រោះក៏ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម