ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះឆែកឆេរទីតាំងចំនួន ៣ កន្លែង រួមមានផ្ទះវីឡា ផ្ទះល្វែង និងខុនដូ ដោយបានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ១១នាក់ ក្នុងនោះមានស្ត្រីម្នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១០:២០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
ប្រតិបត្តិការនេះ បានដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ១២នាក់ ចូលរួមអនុវត្ត។
ជនបរទេសទាំង ១១នាក់ ដែលត្រូវបានរកឃើញនៅក្នុងទីតាំងទាំង ៣ រួមមាន ជនជាតិចិន ៤នាក់ ជនជាតិឥណ្ឌា ១នាក់ និងជនជាតិប៉ាគីស្ថាន ៦នាក់ ក្នុងនោះមានស្ត្រីម្នាក់។
នៅ ក្នុងប្រតិបត្តិការ
នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួន ១៨គ្រឿង ទូរស័ព្ទប្រើសម្រាប់ប្រតិបត្តិការ Online ចំនួន ២០គ្រឿង កុំព្យូទ័រយួរដៃ ៨គ្រឿង លិខិតឆ្លងដែន ៨ក្បាល និងបណ្ណការងារ ១សន្លឹក។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ១១នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ ស្រាវជ្រាវ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






