ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្នលើបុរសម្នាក់ ដែលជាប់ពាក់ព័ន្ធករណីបើករថយន្តបុកម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ និងកូនស្រី២នាក់ស្លាប់បាត់បង់ជីវិត រួចរត់គេចខ្លួនពីកន្លែងកើតហេតុ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោយកើតហេតុ ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោក សហការជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងស្វែងរកជនសង្ស័យនាំមកអនុវត្តតាមនីតិវិធីច្បាប់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥៖២០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ វែង ស្វឿន ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
តាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យឈ្មោះ ថែហ៊ា លីហេង បានបើកបររថយន្តម៉ាក TOYOTA HILUX ពណ៌ស ស៊េរីឆ្នាំ១៩៩៨ ពាក់ផ្លាកលេខ 2O-4751 បុកជាមួយម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល 1AM-6995 ដែលបើកបរដោយស្ត្រីឈ្មោះ នុន សូនីកា អាយុ៣០ឆ្នាំ និងមានកូនស្រី២នាក់រួមដំណើរជាមួយ។
ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សទាំង៣នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ រួមមាន ម្តាយឈ្មោះ នុន សូនីកា អាយុ៣០ឆ្នាំ កូនស្រីឈ្មោះ សុខុម សូនីតា អាយុ៩ឆ្នាំ និងកូនស្រីពៅឈ្មោះ សុខុម រាជនី អាយុ២ឆ្នាំ។
ក្រោយពេលបង្កគ្រោះថ្នាក់ ជនសង្ស័យបានចុះពីរថយន្ត រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។
បន្ទាប់មក សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងស្វែងរកជនសង្ស័យជាបន្តបន្ទាប់។
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ៤៦៨ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ទៅកាន់ស្ថាប័នអយ្យការ ពាក់ព័ន្ធនឹងបទចោទប្រកាន់ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃច្រើននាក់ និងពីបទរត់គេចខ្លួន»។
ក្រោយទទួលបានដីកាបញ្ជាឱ្យចូលខ្លួនលេខ៩១៨ អ.យ.ក ពីអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងនគរបាលជំនាញបានបន្តស្រាវជ្រាវ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យបាន និងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាលទ្ធផល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៩៧៥/២០២៦ ដោយឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្នតាមនីតិវិធីច្បាប់។
ការចាត់វិធានការតាមផ្លូវច្បាប់នេះ គឺជាជំហានមួយក្នុងការស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់រហូតដល់ទៅ៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្រេងនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







