ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការផ្សះផ្សារវាងកម្ពុជា និងថៃ អនុលោមតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)

តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្តីពីដំណើរការផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ អនុលោមតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

យោងតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំងពីរកម្ពុជានិងថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរលើទិដ្ឋភាពបច្ចេកទេសនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការផ្សះផ្សានាទីក្រុងកូឡាឡាំពួរនៅចន្លោពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបានឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះទស្សនកិច្ចនៅទីតាំងជាក់ស្តែង។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីនានាបានបង្កើតក្រុមការងារបច្ចេកទេសរួមមួយ ដែលមានអ្នកជំនាញមកពីភាគីនីមួយៗ និងសមាជិកគណៈកម្មការ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសដែលពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។

កិច្ចសហការ និងការយល់ព្រមរួមគ្នានេះ គឺជាជំហានវិជ្ជមានយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សំដៅពង្រឹងចំណងមិត្តភាព ស្ថិរភាព និងការយោគយល់គ្នារវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រី Katrina Cooper ប្រធានគណៈកម្មការ បានថ្លែងថា៖ «ខ្ញុំរីករាយចំពោះវឌ្ឍនភាពដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរនេះ ដែលជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្សះផ្សារ។ ការយល់ដឹងផ្នែកបច្ចេកទេសដែលបានសម្រេចនឹងធានាថា ការចរចានឹងដំណើរការប្រកបដោយប្រសិទ្ធភាព។ ចំពោះការចុះទស្សនកិច្ចនៅទីតាំងជាក់ស្តែង វា​នឹង​អនុញ្ញាត​ឱ្យ​គណៈកម្មការ​ទទួលបាន​ការយល់ដឹង​ផ្ទាល់​អំពី​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​នេះ។ វឌ្ឍនភាពដែលបានសម្រេចក្នុងកិច្ចប្រជុំនេះ ពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីនានាក្នុងការជំរុញដំណើរការផ្សះផ្សារតាមរបៀបសហប្រតិបត្តិការ និងស្ថាបនា»។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «កម្ពុជា និងថៃ នឹងនៅតែជាប្រទេសជិតខាងជានិច្ច។ វឌ្ឍនភាពដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ គឺជាជំហានឆ្ពោះទៅមុខសម្រាប់ទាំងកម្ពុជា និងថៃ។ យើងសូមថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សារដែលបានជួយភាគីនានាស្វែងរកចំណុចរួម និង PCA ចំពោះការគាំទ្ររបស់ខ្លួន។ យើងសូមកោតសរសើរចំពោះការចូលរួមរបស់ថៃ ហើយនឹងខិតខំប្រឹងប្រែងដោយសុច្ឆន្ទៈដើម្បីកសាងទំនុកចិត្តឡើងវិញ និងឈានដល់លទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល»។

ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ បានថ្លែងថា៖ «ថៃនឹងបន្តចូលរួមយ៉ាងស្ថាបនាក្នុងដំណើរការផ្សះផ្សារនេះ ហើយសង្ឃឹមថានឹងឃើញវឌ្ឍនភាពបន្តទៀតក្នុងការកំណត់ព្រំដែនសមុទ្ររវាងថៃ និងកម្ពុជា។ យើងសង្ឃឹមថា ដំណើរការនេះទៅមុខនឹងផ្តល់ផលប្រយោជន៍វិជ្ជមានដល់ទំនាក់ទំនងរបស់យើង»។

សេចក្តីប្រកាសបានបញ្ជាក់ថា ជំហានបន្ទាប់ បន្ទាប់ពីការចុះទស្សនកិច្ចទៅកាន់ប្រទេសនីមួយៗ ភាគីនានា និងគណៈកម្មការនឹងរៀបចំកិច្ចប្រជុំបន្តទៀត ដើម្បីពង្រឹងវឌ្ឍនភាពដែលបានសម្រេចរហូតមកដល់បច្ចុប្បន្ន និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់តំបន់ដែលមានចំណុចរួម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម