ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី៖ វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា នៅរាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងឱកាសនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជន ជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ និង ជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈ ការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និង ឧស្សាហកម្មប្រតិគមន៍ ។
សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលម្អបន្ថែមទៀតនូវបរិយាកាសប្រកួតប្រជែង, នយោបាយ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីខាងក្រៅ; ការពង្រឹងសមត្ថភាព និង គណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច, គុណាធិបតេយ្យ និង «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន និង ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព ផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និង គាំទ្រវិស័យឯកជន ។
សម្ដេចធិបតី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវបរិយាកាសវិនិយោគ និង ធុរកិច្ច តាមរយៈ ការកែលម្អក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគ ក្នុងឆ្នាំ២០២១; ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាធុរកិច្ច និង វិនិយោគ ដោយបានពង្រឹងយន្តការច្រកចេញចូលតែមួយ, ប្រព័ន្ធបញ្ជរតែមួយជាតិ និង សេវាគាំទ្រ ថែទាំវិនិយោគ, ព្រមទាំង បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា, និងយន្តការសហបង្កើតធុរកិច្ច (Business Co-Creation); ការជំរុញការតភ្ជាប់សេដ្ឋកិច្ច និង ការធ្វើពិពិធកម្មទីផ្សារ ដោយបានពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និង សកល, និង កែលម្អប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីក; និង ការលើកកម្ពស់វិនិយោគបៃតង និង ឌីជីថល ដោយបានជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និង បច្ចេកវិទ្យាស្អាត, លើកកម្ពស់សេដ្ឋកិច្ចចក្រា, ការគ្រប់គ្រងសំណល់ និង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព, និង លើកទឹកចិត្តឱ្យមានការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ, បច្ចេកវិទ្យាឌីជីថល, សន្តិសុខសាយប័រ និង សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់ តាមរយៈ ការកសាងមូលដ្ឋានឧស្សាហកម្មដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និង ភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់, និង លើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក ។ ដើម្បីសម្រេចមហិច្ឆតានេះ, រាជរដ្ឋាភិបាលនឹងលើកកម្ពស់ការវិនិយោគដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ និង បង្កើតការងារដែលមានផលិតភាពកាន់តែខ្លាំង, បង្កើនពិពិធកម្មមុខទំនិញនាំចេញ និង មិស្សភាពនៃសេដ្ឋកិច្ច(Mixed Economy), ពង្រឹងការតភ្ជាប់ និង ការធ្វើមូលដ្ឋានូបនីយកម្មឧស្សាហកម្ម, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និង ទន់, ពង្រឹងការអភិវឌ្ឍជំនាញបច្ចេកវិទ្យា និង ទីផ្សារការងារ, និង បង្កើនហិរញ្ញប្បទានសមស្រប ដោយផ្តោតលើឧស្សាហកម្មសំខាន់ៗមួយចំនួន រួមមាន៖ កសិ-ចំណីអាហារ, យានយន្ត, អេឡិចត្រូនិក, កង់ និង គ្រឿងបង្គុំ, គ្រឿងសង្ហារិម ឈើ Veneer និង ផលិតផលធ្វើពីឈើ, បច្ចេកវិទ្យាឌីជីថល និង ថាមពលបៃតង, ហេដ្ឋារចនាសម្ព័ន្ធ និង ភស្តុភារកម្ម, វាយនភណ្ឌ និង កាត់ដេរ និង ទេសចរណ៍។
មុននឹងបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិស័យឯកជន, ធុរជន និងវិនិយោគិនទាំងអស់ ប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ដែលកម្ពុជាជាសមាជិក, ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋកូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក ក៏ដូចជាក្រោមក្របខណ្ឌពហុភាគីនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទាំងនេះនឹងរួមចំណែកក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ដោយរលូន, បរិយាបន្ន និងចីរភាព។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលកម្ពុជា មិនទាន់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ថា កម្ពុជាសម្រេចជ្រើសរើសយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី» ពោល គឺកម្ពុជា ចង់ឱ្យការចាកចេញហើយមានភាពរឹងមាំខាងសេដ្ឋកិច្ច។ សម្ដេចធិបតី បានបន្តថា កម្ពុជា បានបំពេញលក្ខខណ្ឌទាំង៣ របស់អង្គការសហប្រជាតិ រួចរាល់ហើយ ប៉ុន្តែកម្ពុជា សុខចិត្តពន្យារពេលក្នុងការចាកចេញដើម្បីធានាថា កម្ពុជាមានភាពធន់គ្រប់គ្រាន់ និងត្រៀមខ្លួនបានល្អក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ព្រោះការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នឹងនាំមកទាំងបញ្ហាប្រឈម និងឱកាស ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម