ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះពាក្សសម្ដី លោកពូយកដំបងវាយក្មួយចំក្បាល បណ្ដាលឱ្យស្លាប់នៅស្រុកត្រាំកក់ ខេត្តតាកែវ !

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវពូរបស់ខ្លួនយកដំបងវាយចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយផ្ទុះទំនាស់ពាក្យសម្ដីរហូតឈានដល់អំពើហិង្សា នៅភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈជនរងគ្រោះបានស្លាប់នៅវេលាម៉ោងប្រមាណ ៥ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ នៅថ្ងៃទី២៧ ខែវិច្ឆិកា បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅបង់សំណាញ់ រួចត្រឡប់មកផ្ទះវិញ និងអង្គុយលេងបៀរកម្សាន្តជាមួយអ្នកជិតខាង។

បន្តិចក្រោយមក ពូរបស់ជនរងគ្រោះ ដែលត្រូវបានគេស្គាល់ថាជាមនុស្សចូលចិត្តផឹកស្រា បាននិយាយជេរប្រមាថ និងដៀមដាមដល់ក្មួយប្រុស រហូតរាលដាលដល់ឪពុកម្ដាយ។

ដោយមិនពេញចិត្តនឹងការជេរប្រមាថដល់ឪពុកម្ដាយ ជនរងគ្រោះបានតបតថា: ឱ្យជេរត្រឹមរូបខ្លួនបានហើយ កុំជេរដល់ឪពុកម្ដាយ។

ភ្លាមៗនោះ ជនសង្ស័យបានដើរចុះឡើង ហើយប្រទះឃើញដំបងមួយដើមទំហំប៉ុនកដៃ ប្រវែងជាង១ម៉ែត្រ ក៏ស្ទុះយកមកវាយជនរងគ្រោះចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យដួលប្រកាច់នៅនឹងដី។

ក្រោយកើតហេតុ សាច់ញាតិបានប្រញាប់ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មុនពេលបញ្ជូនបន្តទៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា ជនរងគ្រោះមិនអាចសង្គ្រោះជីវិតបានឡើយ និងបានស្លាប់នៅវេលាម៉ោងប្រមាណ ៥ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ក្នុងភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម