ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងផែនការ និងការិយាល័យអ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា (UNRCO) បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ថ្នាក់ជាតិលើសេចក្តីព្រាង យុទ្ធសាស្ត្រ អន្តរកាលដោយរលូនកម្ពុជា ដើម្បីចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមការដឹកនាំសម្របសម្រួល របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការចាកចេញពី ចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងលោកស្រី ភ្នំដាន់កា អាន់ក្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដោយមានការចូលរួមពីក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ។
កម្ពុជា ត្រូវបានចាត់បញ្ចូលក្នុងចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (Least Developed Countries -LDC) នៅឆ្នាំ១៩៩១។ ការចាកចេញពីចំណាត់ក្រុមនេះ គឺជាការកំណត់របស់អង្គការសហប្រជាជាតិចំពោះប្រទេស អភិវឌ្ឍតិចតួចដែលបំពេញបាននូវលក្ខណៈវិនិច្ឆ័យចំនួន៣ របស់គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (CDP) ចំនួន២លើកជាប់ៗគ្នា នៅក្នុងការវាយតម្លៃ ៣ឆ្នាំម្តង។ កម្ពុជាបំពេញបាន នូវលក្ខណៈវិនិច្ឆ័យទាំង៣ របស់គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (CDP) លើកទី១ នៅឆ្នាំ២០២១ និងលើកទី២ នៅឆ្នាំ២០២៤ រួមមាន៖ (១). ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ (Gross National Income – GNI per capita) ១ ៥៩០ដុល្លារអាម៉េរិក ខ្ពស់ជាងកម្រិតកំណត់ ១ ៣០៧ដុល្លារ អាម៉េរិក, (២). សន្ទស្សន៍ទ្រព្យធនមនុស្ស (Human Assets Index – HAI) ៧៧,៨ ខ្ពស់ជាងកម្រិតកំណត់ ៦៦ និង (៣). សន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន (Economic and Environmental Vulnerability Index – EVI) ២៤,១ ទាបជាងកម្រិតកំណត់ ៣២។ ផ្អែកលើលទ្ធផលទាំង២ (ពីរ)លើក កម្ពុជានឹងចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ តាមសេចក្តីសម្រេចលេខA/៧៩/៤.៤៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយមានរយៈពេល ៥ឆ្នាំ ដើម្បីរៀបចំការចាកចេញ។
ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងបញ្ហាចម្បងលើផ្នែក ពាណិជ្ជកម្ម និងការនាំចេញ ដែលកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធ (ដូចជាកម្មវិធី EBA ក្រោយឆ្នាំ២០៣២ និង” ការកើនពន្ធនៅទីផ្សារធំៗមួយចំនួន) លក្ខខណ្ឌតឹងរ៉ឹងជាងមុនលើវិធានដើមកំណើតទំនិញ ហិរញ្ញប្បទាន និង បទប្បញ្ញត្តិអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាឱកាស ដ៏សំខាន់សម្រាប់កម្ពុជាពង្រឹងខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើភាពអនុគ្រោះ និងជំនួយពីខាងក្រៅ លើកកម្ពស់ កេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា ព្រមទាំងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុង សេដ្ឋកិច្ចតំបន់ និងពិភពលោក។ ឆ្លើយតបនឹងហានិភ័យដែលអាចនឹងកើតមានក្រោយការចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ ដែលជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយសហការជាមួយការិយាល័យអ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNRCO) បាននិងកំពុងរៀបចំ “យុទ្ធសាស្ត្រអន្តរកាលដោយរលូនកម្ពុជា ដើម្បីចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយផ្តោតលើសសរស្តម្ភចំនួន៥ គឺ (១). ការពង្រឹង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការកៀរគរធនធានក្នុងស្រុក, (២). ភាពអនុគ្រោះពាណិជ្ជកម្ម ពិពិធកម្ម ភាពប្រកួតប្រជែង និងការកែលម្អខ្សែច្រវាក់តម្លៃ, (៣). បរិវត្តកម្មរចនាសម្ព័ន្ធ សមត្ថភាពផលិត និងមូលធនមនុស្ស, (៤). ការអភិវឌ្ឍ ប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព, (៥). សមត្ថភាពស្ថាប័ន អភិបាលកិច្ច សហប្រតិបត្តិការ និង ភាពជាដៃគូ។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានមានមតិថា “ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍ តិចតួច គឺជាមោទនភាពជាតិ និងជាសក្ខីភាពនៃសមិទ្ធផលអភិវឌ្ឍន៍ ដែលកើតចេញពីសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងការបន្តដឹកនាំប្រកបដោយភាពរឹងមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមចំណែកយ៉ាងសកម្មរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន។ ការចាកចេញនេះ មិនមែនជាទិសដៅចុងក្រោយទេ ប៉ុន្តែជាជំហានយុទ្ធសាស្ត្រមួយ ក្នុងការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យើងនឹងប្រើប្រាស់រយៈពេលដែលនៅសល់ ដើម្បីត្រៀមខ្លួនឱ្យបាន រឹងមាំ ការពារការងារ និងជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ និងគ្រួសារងាយរងគ្រោះ”។
លោកស្រី វ៉ាដាន់កា អាន់ឡេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា “ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាសមិទ្ធផលនៃការ ខិតខំប្រឹងប្រែងរបស់កម្ពុជា។ ភារកិច្ច នាពេលនេះ គឺរៀបចំឱ្យការចាកចេញនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយចីរភាព និងមិនអាចត្រឡប់ថយក្រោយ វិញបាន”។
ក្រសួងផែនការសូមចូលរួមអបអរសាទរចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជា ប្រទេសជិតខាង និងជាសមាជិកអាស៊ាន ដែលបានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបាន ចាកចេញពីចំណាត់ក្រុមនេះ។ កម្ពុជា និងឡាវ បានចែករំលែកបទពិសោធន៍ក្នុងការរៀបចំយុទ្ធសាស្ត្រអន្តរីកលេ ដោយរលូន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពីអន្តរកាលដោយរលូន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេយ នៅខែតុលា ឆ្នាំ២០២៥។
សូមរលឹកថា ចាប់តាំងពីអង្គការសហប្រជាជាតិបានបង្កើតចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅ ឆ្នាំ១៩៧១មក មានប្រទេសសរុបចំនួន៥២ ត្រូវបានចាត់បញ្ចូលក្នុងចំណាត់ក្រុមនេះ ហើយបច្ចុប្បន្ននៅសល់ ចំនួន ៤៣ប្រទេស។ ប្រទេសចំនួន៩ ដែលបានចាកចេញមាន៖ បុតស្វាណា (១៩៩៤), កាប់វែរ (២០០៧), ម៉ាល់ឌីវ (២០១១), សាម័រ (២០១៤), ហ្គីណេអេក្វាទ័រ (២០១៧), វ៉ានូអាទូ (២០២០), ប៊ូតាន់ (២០២៣) សៅតូមេនិងប្រាំងស៊ីប (២០២៤), និងឡាវ (ខែវិច្ឆិកា ឆ្នាំ២០២៦)។ ដោយឡែក នៅតំបន់អាស៊ី បច្ចុប្បន្នមាន ប្រទេស LDC ចំនួន ៧ រួមមាន៖ កម្ពុជា (២០២៩), បង់ក្លាដែស (ដែលបានស្នើពន្យារពេលចាកចេញដល់ ឆ្នាំ២០២៩), មីយ៉ាន់ម៉ា, នេប៉ាល់ (ដែលបានស្នើពន្យារពេលចាកចេញដល់ឆ្នាំ២០២៩), ទីម័រខាងកើត, អាហ្វហ្គានីស្ថាន, និងយេម៉ែន។រក្សាសិទ្ធដោយ៖សុទ្ធលី















