រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ថ្នាក់ជាតិលើសេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy – STS) សម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយមានការចូលរួមពីលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលនិងអង្គការសហជីពគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ វិស័យឯកជននិងសមាគមពាណិជ្ជកម្ម ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងភាគីពាក់ព័ន្ធជាច្រើនទៀត។
សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់ជាលើកចុងក្រោយលើសេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាលដោយរលូនរបស់កម្ពុជា ដើម្បីធានាថា យុទ្ធសាស្ត្រនេះមានភាពគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ អាចអនុវត្តបាន និងឆ្លើយតបទៅនឹងអាទិភាពនៃការអភិវឌ្ឍជាតិ ក្នុងដំណើរឆ្ពោះទៅរកការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខ កម្ពុជានឹងចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងក្លាយជាប្រទេសកំពុងអភិវឌ្ឍ។ ព្រឹត្តិការណ៍នេះគឺជារបត់ប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងការគាំទ្រពីស្ថាប័ន អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់។
ជាមួយនឹងសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើសូចនាករអភិវឌ្ឍន៍សំខាន់ៗ។ ជាក់ស្តែង កំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រមាណ ៨% ក្នុងមួយឆ្នាំ ក្នុងអំឡុងឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ដែលធ្វើឱ្យទំហំសេដ្ឋកិច្ចកើនឡើងជាង ១០ដង ស្មើនឹង ៣៧,២ ពាន់លានដុល្លារអាម៉េរិក។ បន្ទាប់ពីវិបត្តិកូវីដ-១៩ កំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៤,៨% ក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបកើនដល់ប្រមាណ ៥១,៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥។
ជាមួយគ្នានេះ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សបានកើនដល់ ០,៦០៦ នៅឆ្នាំ២០២៣ អាយុសង្ឃឹមរស់បានកើនឡើងដល់ ៧៦ឆ្នាំ ហើយអត្រាភាពក្រីក្រថ្នាក់ជាតិបានធ្លាក់ចុះពី ៣៣,៨% នៅឆ្នាំ២០០៩ មកនៅត្រឹម ១៧,៨% នៅឆ្នាំ២០១៩/២០២០។ ជាពិសេស តាមរយៈការវាយតម្លៃឡើងវិញរបស់គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (CDP) ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៤ កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងបីសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងនោះ សន្ទស្សន៍ទ្រព្យសម្បត្តិមនុស្សទទួលបាន ៧៧,៨ ពិន្ទុ លើសកម្រិតកំណត់ ៦៦ ពិន្ទុ និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថានទទួលបាន ២៤,១ ពិន្ទុ ដែលទាបជាងកម្រិតកំណត់ ៣២ ពិន្ទុ។ សមិទ្ធផលទាំងនេះបានបង្ហាញពីវឌ្ឍនភាពដ៏សំខាន់របស់កម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការឈានទៅសម្រេចការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចាកចេញនេះមិនមែនជាចំណុចបញ្ចប់នៃដំណើរការអភិវឌ្ឍន៍នោះទេ ប៉ុន្តែជាការចាប់ផ្តើមដំណាក់កាលថ្មី ដែលកម្ពុជាត្រូវត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈម ជាពិសេសការបាត់បង់ភាពអនុគ្រោះពាណិជ្ជកម្ម និងការប្រឈមនឹងលក្ខខណ្ឌហិរញ្ញប្បទានតឹងរឹងជាងមុន។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជាត្រូវពង្រឹងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់និងកិច្ចព្រមព្រៀងទ្វេភាគី ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើនការកៀរគរធនធានក្នុងស្រុកសម្រាប់ការអភិវឌ្ឍ។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចបន្តពឹងផ្អែកលើគំរូអភិវឌ្ឍន៍ចាស់ ដូចជាការនាំចេញក្នុងវិស័យដែលប្រើប្រាស់អតិពលកម្ម និងពឹងផ្អែកលើភាពអនុគ្រោះពន្ធ ព្រមទាំងហិរញ្ញប្បទានអភិវឌ្ឍន៍ដដែលៗបានទៀតនោះទេ។ កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច ឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ បច្ចេកវិទ្យាឌីជីថល កសិឧស្សាហកម្ម និងសេវាកម្មទំនើប ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងធានានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច។
សេចក្តីព្រាងយុទ្ធសាស្ត្រអន្តរកាលដោយរលូន (STS) ត្រូវបានរៀបចំឡើងដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ រួមមាន៖
១. ការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកៀរគរធនធានក្នុងស្រុក
២. ការអនុគ្រោះពាណិជ្ជកម្ម ការធ្វើពិពិធកម្មភាពប្រកួតប្រជែង និងការលើកកម្ពស់ខ្សែច្រវាក់តម្លៃ
៣. ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពផលិតកម្ម និងការអភិវឌ្ឍមូលធនមនុស្ស
៤. ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ
៥. ការពង្រឹងសមត្ថភាពស្ថាប័ន អភិបាលកិច្ច កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍដែលផ្តោតលើប្រជាជនជាស្នូល ដោយមិនទុកនរណាម្នាក់ចោល និងត្រូវផ្តល់ការគាំទ្រជាក់លាក់ដល់កម្មករនិយោជិត ស្ត្រី ជនមានពិការភាព គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យធ្លាក់ចូលក្នុងភាពក្រីក្រ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ពិនិត្យ និងផ្តល់មតិយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៤ គឺ៖ ភាពត្រឹមត្រូវនៃទិន្នន័យស្ថិតិ វិសាលភាព និងលទ្ធភាពអនុវត្ត ព្រមទាំងភាពស៊ីសង្វាក់គ្នានៃសសរស្តម្ភយុទ្ធសាស្ត្រទាំង៥ និងវិធានការអាទិភាព ការកំណត់តួនាទីរបស់ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ព្រមទាំងយន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងផែនការ សហការជាមួយអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ បន្ទាប់ពីការផ្ទៀងផ្ទាត់ និងបញ្ចូលធាតុចូលពីភាគីពាក់ព័ន្ធ សេចក្តីព្រាងយុទ្ធសាស្ត្រ STS នឹងត្រូវសម្រេចជាស្ថាពរ និងដាក់ជូនគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តនៅចុងឆ្នាំ២០២៦។ ចំណែកការអនុវត្តវិធានការអាទិភាពក្នុងដំណាក់កាលដំបូង នឹងប្រព្រឹត្តទៅក្នុងចន្លោះឆ្នាំ២០២៧–២០២៩។
សិក្ខាសាលានេះជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងភាពជាម្ចាស់ជាតិ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ប្រព្រឹត្តទៅដោយរលូន មានភាពធន់ និងចីរភាព ព្រមទាំងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។រក្សាសិទ្ធដោយ៖សុទ្ធលី








