ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV)

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រសៀលថ្ងៃសៅរ៍ ទី២៨ វិច្ឆិកា ២០២៦។

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី២៧ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ្នឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា កិច្ចប្រជុំកំពូល អេកម៉ិក លើកទី១១ នេះ ធ្វើឡើងក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅរកអេកម៉ិក ដែលមានភាពឆ្លាតវៃ និងចីរភាព» ដែលនឹងធ្វើការវាយតម្លៃលើវឌ្ឍនភាព ដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ដោយឡែក កិច្ចប្រជុំកំពូល CLMV លើកទី១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV – ការទាញយកសក្តានុពល – ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ ដោយផ្អែកលើស្មារតី នៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច, កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងបួន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា ផងដែរ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ មួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់បន្ថែមថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជីញ​​អមដំណើរ​ សម្ដេចធិបតី នាឱកាសនេះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម