Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ស្វាគមន៍​ការវាយតម្លៃ​របស់​អង្គការ​ខុមហ្វ្រែល លើ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០

spot_img

​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) ដែល​បានចេញ​នូវ​របាយការណ៍​ស្តីពី “​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០” ហើយ​បាន​រកឃើញថា “ បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ មានគុណ​ភាព​អាច​ទទួលយកបាន​”​។ លើសពីនេះ COMFREL បាន​រកឃើញថា ៩៨.៤៥% នៃ​អ្នកបោះឆ្នោត​ពិតជា​មា​នវ​ត្ត​មាននៅ​ទីតាំង​ដូចគ្នា​នឹង​ទីតាំង​ក្នុង​បញ្ជី​បោះឆ្នោត គឺជា​សូចនាករ​ដែល​វាស់​ឱ្យឃើញ​អំពី​គុណភាព​នៃ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប ។​

​គ​.​ជ​.​ប បាន​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ COMFREL និង​ចាត់ទុក​លទ្ធផល​នេះ គឺជា​ធាតុ​ចូល​សំខាន់​មួយ​រួមចំណែក​ក្នុងការ​កែលម្អ​បញ្ជី​បោះឆ្នោត​របស់ គ​.​ជ​.​ប ។

​ម្យ៉ាងទៀត​ករណី​ដែល COMFREL ស្នើសុំ គ​.​ជ​.​ប ឱ្យ​ជជែក​ជាមួយ​ស្ថាប័ន​រដ្ឋសភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត គ​.​ជ​.​ប ក៏​ធ្លាប់បាន​បំភ្លឺ​រួចមកហើយ​ដែរ​ថា កិច្ចការ​ទាំងនេះ​ពុំមែន​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ទេ ព្រោះ គ​.​ជ​.​ប គឺជា​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​បច្ចេកទេស​សុទ្ធសាធ ។ យ៉ាងណាក៏ដោយ រាល់​សំណើ សំណូមពរ ក្នុងនោះ​ក៏មាន​សំណើ​នេះដែរ ដែល​បានលើកឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត គ​.​ជ​.​ប តែងតែ​កត់ត្រា​ក្នុង​របាយការណ៍ និង​ផ្ញើជូន​គ្រប់ភាគី​ពាក់ព័ន្ធ​មាន រដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ជាដើម​… ។​ល​។

​ទន្ទឹមគ្នា​នេះដែរ គ​.​ជ​.​ប ក៏បាន​សង្កេតឃើញថា ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មួយចំនួន នៅតែ​មិនទាន់​ជ្រាប​ច្បាស់​អំពី​គោលបំណង​នៃ​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ឆ្នាំ​២០២១​។ ចំណុច​នេះ គ​.​ជ​.​ប សូមបញ្ជាក់​ជាថ្មី​ថា ការបោះឆ្នោត​សាកល្បង​នឹង​សាកល្បង​អនុវត្ត​កិច្ចការ ដូចខាងក្រោម ៖
– ប្រើប្រាស់​កម្មវិធី​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online)
– ប្រើប្រាស់​ប៊ិក​គំនូស​គាំទ្រ​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​
– ប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដែល​គ្របដណ្ដប់​លើ​ដំណើរ​ការសំខាន់ៗ​នៅក្នុង​ថ្ងៃ​បោះឆ្នោត តាម​កម្មវិធី​ជា​ប្រព័ន្ធ​ដូចខាងក្រោម​៖
• កម្មវិធី​ទទួល បញ្ចូល បូកសរុប បញ្ជូន និង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​
• កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​
• កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​
• កម្មវិធី​បែងចែក​អាសនៈ និង​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​។​

​ចំពោះ​អ្នកបោះឆ្នោត គឺ​នៅតែ​ធ្វើការ​បោះឆ្នោត​ដោយ​ដៃ ដូច​ការបោះឆ្នោត​អាណត្តិ​មុនៗ​ដដែល មិនមែន​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ (Online) នោះទេ​។ ម្យ៉ាងវិញទៀត ការបោះឆ្នោត​សាកល្បង​នេះ មិនត្រូវ​បានរៀបចំ​នៅ​ទូទាំងប្រទេស​ទេ ដោយ​ត្រូវធ្វើ​នៅតាម​ឃុំ សង្កាត់​គោលដៅ​មួយចំនួន​តាម​ការកំណត់​របស់ គ​.​ជ​.​ប តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×