ខេត្តស្វាយរៀង៖ នគរបាលក្រុងស្វាយរៀងបានបង្ក្រាបទីតាំងសង្ស័យលួចលាក់ជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនបុរសម្នាក់ និងដកហូតសារធាតុញៀនចំនួន ៧កញ្ចប់ ព្រមទាំងទូរស័ព្ទដៃមួយគ្រឿង។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿមក ក្រុងស្វាយរៀង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ដែលបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ និងឃាត់ខ្លួនជនសង្ស័យ បានឱ្យដឹងថា: នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសារធាតុញៀនចំនួន ៧កញ្ចប់ ក្នុងនោះមាន ៦កញ្ចប់ធំ និងទូរស័ព្ទដៃមួយគ្រឿង ជាវត្ថុតាងពាក់ព័ន្ធនឹងករណីនេះ។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




