ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ៦៣គ្រួសារមានជីវភាពខ្វះខាតទទួលផ្ទះនិងដីឡូតិ៍នៅស្រុកសេសានខេត្តស្ទឹងត្រែង

ខេត្តកំពង់ចាម: ដោយមើលឃើញពីភាពខ្វះខាតរបស់ពលរដ្ឋមិនមានដីសម្រាប់ធ្វើលំនៅឋានរួមទាំងជីវភាពខ្វះខាតក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធ ក្នុងដំណើរបំពេញបេសកកម្មថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៦ លោកស្រី សុភ័ក្ត្រ និងលោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ស្មើនឹង ២២៤នាក់ ទៅទទួលផ្ទះ និងដីឡូតិ៍នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងក្របខណ្ឌ «គម្រោងផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាមបានរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទាំង ៦៣គ្រួសារ ទៅកាន់ទីតាំងដី និងផ្ទះថ្មី ដោយផ្ទាល់ តាមលេខផ្ទះ និងលេខដីឡូតិ៍ដែលគ្រួសារនីមួយៗទទួលបានតាមរយៈការចាប់ឆ្នោត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

សម្រាប់គម្រោងជំហានទី១ គណៈកម្មការរៀបចំគម្រោងបានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសលេខដីឡូតិ៍ និងផ្ទះជូនប្រជាពលរដ្ឋដែលមានសិទ្ធិទទួលបានសរុបចំនួន ៥៣៨គ្រួសារ មកពីរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស។

ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទីតាំងថ្មី អាជ្ញាធរ និងភាគីពាក់ព័ន្ធបានរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមមាន ផ្ទះស្នាក់នៅ ប្រព័ន្ធទឹកស្អាត ផ្លូវថ្នល់ ប្រព័ន្ធអគ្គិសនី និងបង្គន់អនាម័យ ដើម្បីលើកកម្ពស់សុវត្ថិភាព អនាម័យ និងសុខុមាលភាពក្នុងការរស់នៅ។

ប្រជាពលរដ្ឋទាំង ៦៣គ្រួសារ បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ និងសម្រួលការធ្វើដំណើរ ព្រមទាំងគាំទ្រដល់ការទទួលបានដីធ្លី និងលំនៅឋានថ្មី សម្រាប់កសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

គម្រោងនេះមានគោលបំណងឆ្លើយតបនឹងតម្រូវការដីធ្លី និងលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការចូលរួមរបស់សហគមន៍ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ និងព្រៃឈើ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម