បាត់ដំបង ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ខណៈពិធីនេះប្រព្រឹត្តទៅនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។
សូមរម្លឹកថាស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រខេត្តបាត់ដំបង បានប៉ះពាល់១៤ក្រុង/ស្រុក ស្មើនឹង៨៨ឃុំ/សង្កាត់ បណ្តាលឱ្យខូចខាត និងប៉ះពាល់ដំណាំស្រូវសរុប ១២៣ ០៧២ហិកតា និងគ្រួសារដែលប៉ះពាល់សរុប ៥៨ ១០៣គ្រួសារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ពលរដ្ឋនៅតាមទល់ដែនជួបគ្រោះបន្តបន្ទាប់។ ក្រៅពីរងគ្រោះដោយសារសង្គ្រាមហើយ មកជួបនឹងគ្រោះជំនន់ទឹកភ្លៀងទៀត តែបានបង្ហាញនូវភាពធន់របស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាល់ពេលប្រជាពលរដ្ឋមានការលំបាក អាជ្ញាធរមូលដ្ឋានតែងបង្ហាញមុខមុនគេក្នុងការដោះស្រាយ។ សកម្មភាពទាំងនេះ បង្ហាញថា គ្រប់កាលៈទេសៈរាជរដ្ឋាភិបាលតែងនៅជាមួយប្រជាពលរដ្ឋ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គេមិនអាចមានលទ្ធភាពស្តារឡើងវិញនោះឡើយ បើគ្មានស្ថេរភាព។រក្សាសិទ្ធដោយ៖ CEN
















