ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅប្រុសញៀនថ្នាំ ខឹងយាយកាប់ដូងឱ្យប្អូនផឹកមុន ទាញកាំបិតផ្គាក់កាប់ជីដូនស្លាប់យ៉ាង អាណោចអាធ័ម នៅខេត្តកំពង់ស្ពឺ?

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកកាំបិតផ្គាក់កាប់សម្លាប់ជីដូនបង្កើតរបស់ខ្លួនយ៉ាងសាហាវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារខឹងរឿងជីដូនកាប់ផ្លែដូងឱ្យចៅម្នាក់ទៀតមុនខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀល ដែលបាន បង្កឡើងដោយជនសង្ស័យឈ្មោះ ជ័យ ហ៊ូណាំ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ជនសង្ស័យបានប្រើកាំបិតផ្គាក់កាប់ទៅលើជីដូនបង្កើតរបស់ខ្លួន មាន ឈ្មោះ បុត រឿន ភេទស្រី អាយុ៦៧ឆ្នាំ ចំនួន២កាំបិត ដោយកាំបិតទី១ ត្រូវចំកញ្ចឹងកពីខាងក្រោយ និងកាំបិតទី២ ត្រូវចំរង្វះមាត់ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញាតិ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យភ្លាមៗ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា មូលហេតុដែលខ្លួនប្រព្រឹត្តអំពើឃាតកម្មនេះ គឺដោយសារខឹងនឹងជីដូនដែលបានកាប់ផ្លែដូងឱ្យចៅម្នាក់ទៀតមុនខ្លួន។ ដោយខឹងខ្លាំង ជនសង្ស័យក៏ឆក់យកកាំបិតពីដៃជីដូន ហើយកាប់ប្រហារលើជនរងគ្រោះរហូតដល់ស្លាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន និងមានអាការៈបែកថ្នាំ។

បច្ចុប្បន្ននេះ  ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម