ភ្នំពេញ: ក្រសួងបរិស្ថានបានជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមដាំដើមឈើ និងការពារព្រៃឈើ ដើម្បីរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនលទ្ធភាពឱ្យកម្ពុជាទទួលបានចំណូលពីការលក់ឥណទានកាបូន ខណៈក្រសួងកំពុងជំរុញការរៀបចំគម្រោងឥណទានកាបូនថ្មីៗបន្ថែមទៀត ទាំងក្នុងវិស័យព្រៃឈើ និងវិស័យមិនមែនព្រៃឈើ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដើម្បីរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ និងជួយឱ្យកម្ពុជាអាចបង្កើនការលក់ឥណទានកាបូន។
លោកបានបញ្ជាក់ថា ក្រសួងកំពុងស្វែងរកប្រភពថវិកាបន្ថែម តាមរយៈការសម្របសម្រួល និងរៀបចំគម្រោងឥណទានកាបូនថ្មីៗ។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្នកម្ពុជាមានគម្រោងរេដបូក (REDD+) ចំនួន១៥គម្រោង ក្នុងនោះ១២គម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា និង៣គម្រោងកំពុងអនុវត្ត រួមមាន គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ក្នុងខេត្តកោះកុង គម្រោងរេដបូកកែវសីមា ក្នុងខេត្តមណ្ឌលគិរី និងគម្រោងរេដបូកព្រៃឡង់ ដែលអនុវត្តតាមកម្មវិធី JCM ជាមួយក្រុមហ៊ុនមីតស៊ូរបស់ប្រទេសជប៉ុន។
គម្រោងទាំង១៥នេះ គ្របដណ្តប់លើផ្ទៃដីព្រៃឈើសរុបប្រមាណ៣,៧លានហិកតា ក្នុងចំណោមតំបន់ការពារធម្មជាតិដែលមានផ្ទៃដីជាង៧លានហិកតា។
កន្លងមក កម្ពុជាបានលក់ឥណទានកាបូនជាបន្តបន្ទាប់ ហើយក៏កំពុងពង្រីកសក្តានុពលនៃការលក់បន្ថែមទៀតផងដែរ។
បច្ចុប្បន្ននេះ ក្រសួងបរិស្ថានកំពុងពិនិត្យលទ្ធភាពរៀបចំគម្រោងឥណទានកាបូនក្នុងវិស័យថាមពលកកើតឡើងវិញ វិស័យកសិកម្ម និងវិស័យគ្រប់គ្រងសំណល់ ដើម្បីពង្រីកប្រភពចំណូលពីទីផ្សារកាបូន។
ដោយឡែក លោក ឃន សុភឿន ប្រធានគម្រោងរេដបូកកែវសីមា របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបញ្ជាក់ថា ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺមានសារៈសំខាន់ក្នុងការរក្សានិរន្តរភាពព្រៃឈើ និងបង្កើនលទ្ធភាពឱ្យកម្ពុជាអាចលក់ឥណទានកាបូនបាន។
លោកបានឱ្យដឹងថា WCS បានពង្រឹងការងារល្បាត និងការពារព្រៃឈើតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចំនួន៣ រួមមាន SMART, Drone និង Arbor Ton។
បច្ចេកវិទ្យាទាំងនេះកំពុងជួយធ្វើឱ្យការងារអភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព។ លោកក៏បានសង្កត់ធ្ងន់ថា សហគមន៍មូលដ្ឋានត្រូវរួមគ្នាការពារព្រៃឈើ ព្រោះការលក់ឥណទានកាបូនអាចរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរឱ្យដឹងថា គម្រោងរេដបូក គឺជាកម្មវិធីជាតិដែលមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងការរេចរឹលព្រៃឈើ។
ថវិកាដែលទទួលបានពីគម្រោងនេះ ត្រូវបានប្រើប្រាស់សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅតាមតំបន់ការពារធម្មជាតិ ការពារ និងអភិរក្សធនធានធម្មជាតិ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងសាលារៀន ព្រមទាំងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន។
ជាមួយគ្នានេះ កម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិចំពោះគម្រោងរេដបូកនៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ កម្ពុជាទទួលបានថវិកាសរុបប្រមាណ១១លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូននៃគម្រោងរេដបូក។
ទោះជាយ៉ាងណា គិតត្រឹមឆ្នាំ២០២៦នេះ ការលក់ឥណទានកាបូនមិនទាន់មានវឌ្ឍនភាពថ្មីគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយសារការប្រែប្រួលនៃទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត និងការកែសម្រួលវិធីសាស្ត្រគណនាឥណទានកាបូន៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






