ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានបើកប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់មួយករណី ដោយរឹបអូសបានបារីចំនួន៥៤ការ៉ុង និងពងត្រីចំនួន២៧ការ៉ុង ព្រមទាំងរថយន្តដឹកជញ្ជូនមួយគ្រឿង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ក្រោមការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
តាមរបាយការណ៍សមត្ថកិច្ច វត្ថុតាងដែលបង្ក្រាបបានរួមមាន: បារីខុសច្បាប់ចំនួន៥៤ការ៉ុង ស្មើនឹង១០៨ប៉ិច ពងត្រីចំនួន២៧ការ៉ុង ស្មើនឹង២១៦ថង់ និងរថយន្តកូរ៉េម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-3990 ចំនួនមួយគ្រឿង។
បន្ទាប់ពីបង្ក្រាបបាន វត្ថុតាង និងសំណុំរឿងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី និង បន្តប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះ បាន បង្ហាញពីការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចក្នុងការល្បាត ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនទំនិញខុសច្បាប់តាមតំបន់ព្រំដែន។
ជាមួយគ្នានេះ មហាជន និង អ្នកតាមដានព័ត៌មានបានស្នើឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវឱ្យបានស៊ីជម្រៅ ដើម្បីស្វែងរកម្ចាស់ទំនិញ ម្ចាស់រថយន្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ និងទប់ស្កាត់បទល្មើសឆ្លងដែនកុំឱ្យកើតមានបន្តទៀត។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







