រាជធានីភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១១ និង កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ មីយ៉ាន់ម៉ា-វៀតណាម លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលនឹងប្រព្រឹត្ត ទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ថ្ងៃទី២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគម ឧកញ៉ាកម្ពុជា ផងដែរ។
ក្រោមមូលបទ – ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និង ចីរភាព» កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១១ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែង រកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
កិច្ចប្រជុំកំពូល CLMV លើកទី១២ ដែលប្រព្រឹត្តទៅក្រោមមូលបទ ការតភ្ជាប់តំបន់ CLMV ការ ទាញយកសក្តានុពល – ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធផលនៃកិច្ចសហ ប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ ផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃ ប្រទេសទាំងបួន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពី ប្រទេសវៀតណាម មកប្រទេសកម្ពុជា ផងដែរ ។
ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគី ជាមួយសមភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី









