ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន បានអញ្ជើញជាអធិបតីបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានសមុទ្ររាម ដែលជាបញ្ជាការដ្ឋានកងទ័ពសមុទ្ររបស់កម្ពុជា ទទួលបានការជួយធ្វើទំនើបកម្មពីសំណាក់ចិន។
កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំលើកទី៨ ក្រោមឈ្មោះ «នាគមាសឆ្នាំ២០២៦» រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ ដោយមានការចូលរួមពីកម្លាំងទ័ពជើងគោក ជើងទឹក និងជើងអាកាស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា សមយុទ្ធនេះនឹងរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។
ការធ្វើសមយុទ្ធនេះ មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការលើកកម្ពស់សមត្ថភាពជំនាញ និងការពង្រឹងចំណងមិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។
ជាពិសេស សមយុទ្ធនេះនឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងប្រតិបត្តិការជួយសង្គ្រោះក្នុងស្ថានភាពអាសន្ន។
អគ្គបញ្ជាការដ្ឋានបានបញ្ជាក់ថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅទីតាំងសំខាន់ៗចំនួនពីរ។
ទី១ គឺការធ្វើសមយុទ្ធលើគោក និងលើអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី។
ទី២ គឺការធ្វើសមយុទ្ធលើសមុទ្រ និងលើអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដ្ឋានទ័ពអាកាសកងកេង និងតំបន់សមុទ្រក្នុងខេត្តព្រះសីហនុ។
ក្នុងអំឡុងពេលសមយុទ្ធ កងទ័ពនៃប្រទេសទាំងពីរនឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន (Drone) ព្រមទាំងអនុវត្តការចល័តកម្លាំងទ័ព និងប្រតិបត្តិការរួមគ្នាទាំងលើគោក លើទឹក និងលើអាកាស។
ទន្ទឹមនឹងនេះ ក៏នឹងមានការរៀបចំសកម្មភាពការងារសង្គម និងមនុស្សធម៌ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលស្ថិតនៅក្បែរតំបន់ធ្វើសមយុទ្ធផងដែរ។
ដើម្បីធានាឱ្យដំណើរការសមយុទ្ធប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សមយុទ្ធ កុំមានការភិតភ័យចំពោះសកម្មភាពចល័តកងទ័ព ឬការប្រើប្រាស់គ្រាប់ពិតក្នុងអំឡុងពេលហ្វឹកហ្វឺននេះ។
គួរបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា និងចិន បានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ននេះ បានធ្វើឡើងចំនួន៧លើករួចមកហើយ។
ទោះជាយ៉ាងណា សមយុទ្ធនេះត្រូវបានផ្អាកនៅឆ្នាំ២០១៧ ដោយសារកម្ពុជាជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ដោយឡែក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ សមយុទ្ធនេះក៏ត្រូវបានផ្អាកជាថ្មី ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ដល់ប្រទេសទាំងពីរ។
តាមរយៈសមយុទ្ធដែលបានធ្វើឡើងកន្លងមក កងទ័ពនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរបទពិសោធន៍ជាក់ស្តែងលើប្រតិបត្តិការប្រឆាំងភេរវកម្ម ការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយ ការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងយុទ្ធវិធីទប់ទល់នឹងការគំរាមកំហែងពីដ្រូន។
ជាមួយគ្នានេះ កងទ័ពទាំងពីរក៏បានពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នាយ៉ាងទូលំទូលាយលើគោក ដែនអាកាស និងដែនសមុទ្រ រួមទាំងការហ្វឹកហ្វឺនប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករផងដែរ។
សមយុទ្ធនាគមាសបានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព បង្កើនទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងចិន ព្រមទាំងជំរុញការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»៕រក្សាសិទ្ធិដោយ៖សុទ្ធលី





























