ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន​ដ៏ល្អ​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណចំពោះសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នាឱកាសនេះ ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានរដ្ឋ ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាទីមោទនៈរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ បន្ថែមលើនេះ, ឯកឧត្តមបានកោតសរសើរ​ និងវាយតម្លៃ​ខ្ពស់ចំពោះវឌ្ឍនភាព និងផ្លែផ្កានៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌគណបក្ស, រដ្ឋាភិបាល, និងស្ថាប័ននីតិប្បញ្ញត្តិ។ ឯកឧត្តមប្រធានរដ្ឋបានបញ្ជាក់ជាថ្មីនូវការបន្តជំរុញការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនចំពោះសម្ដេច និងគណៈប្រតិភូ​ និង​បានអរគុណ​ ឯកឧត្តម​ប្រធានរដ្ឋ​ ដែលបាន​អញ្ជើញចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ នៅរាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ប្រទេសវៀតណាមក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ ព្រមទាំងបានសម្ដែងនូវការអបអរសាទរចំពោះវៀតណាម ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅក្នុងឆ្នាំ២០២៧។ ជាមួយគ្នានេះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ​ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម