ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទម្នាក់ ដែលប្រើប្រាស់កាំភ្លើងខ្លី បាញ់សម្លាប់ស្រ្តី២នាក់

បាត់ដំបង៖ សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនជ្រាបថា៖ ផ្អែកតាមសំណុំរឿង ព្រហ្មទណ្ឌលេខ: ១៧៧៨ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនត្រូវចោទឈ្មោះ ឈុន ពៅ ហៅ អូន ភេទប្រុស អាយុ៥១ឆ្នាំ កើតថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេច ចោទប្រកាន់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ ១០០៥ អ.យ.ច ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទ ឃាតកម្មគិតទុកជាមុន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចក្រុមទី១១ ភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបានណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង សូមជម្រាបជូនបន្ថែមនូវអង្គហេតុខាងលើថា៖ កាលពីអំឡុង ខែកក្កដា ឆ្នាំ២០២៦ ជនត្រូវចោទឈ្មោះ ឈុន ពៅ បានដឹងថាប្រពន្ធរបស់ខ្លួនឈ្មោះ ប៊ុនណា សុគន្ធី កំពុងលួច លាក់មានស្នេហាជាមួយប្រុសផ្សេង តាមរយៈឈ្មោះ នេត ដានី ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកណែនាំ និងញុះញង់ ឱ្យជនត្រូវចោទ និងប្រពន្ធលែងលះគ្នា។ ដោយកើតចិត្តខឹងក្រោធខ្លាំង នៅអំឡុងខែសីហា និង ខែកញ្ញា ឆ្នាំ២០២៦ ជនត្រូវចោទបានទៅទិញកាំភ្លើងខ្លី១ដើម ពីអ្នកលក់អីវ៉ាន់នៅព្រំដែនប៉ោយប៉ែត ក្នុងគោលបំណងទុកសម្លាប់ប្រពន្ធ និងឈ្មោះ នេត ដានី ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនត្រូវចោទបានទូរស័ព្ទណាត់ប្រពន្ធខ្លួនឱ្យមកជួប និយាយគ្នានៅហាងសាឡន របស់ឈ្មោះ នេត ដានី ។ ពេលនោះជនត្រូវចោទក៏បានយកកាំភ្លើងខ្លីសៀតនឹងចង្កេះ ខោខាងក្រោយមកជាមួយផងដែរ។ ពេលនិយាយគ្នាបានប្រហែល៣០នាទី ក៏ចេញពីក្នុងហាងមកក្រៅវិញ ស្រាប់តែ ជនត្រូវចោទបានដកកាំភ្លើងបាញ់លើឈ្មោះ នេត ដានី ចំនួន ៣ ទៅ ៤គ្រាប់ និង បាញ់លើប្រពន្ធខ្លួនចំនួន ៣ ទៅ ៤ គ្រាប់ បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនត្រូវចោទបានបើកឡានរត់គេចខ្លួនរហូតដល់ស្រុកកំរៀង ខេត្តបាត់ដំបង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូត បានកាំភ្លើងខ្លីម៉ាក SIGSAUER P365 ពណ៌ខ្មៅចំនួន១ដើម បង់កាំភ្លើងចំនួន២ និង គ្រាប់កាំភ្លើងមួយចំនួន។

បន្ទាប់ពីបានពិនិត្យលើអង្គហេតុ អង្គច្បាប់ ភស្តុតាង និង ការធ្វើមូលវិចារណ៍លើមូលហេតុនៃការឃុំ ខ្លួនរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឈុន ពៅ ហៅ អូន ភេទប្រុស អាយុ៥១ឆ្នាំ តាមដីកាសម្រេចលេខ ១៧២៧ ត.ព្រះ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ និងដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ ១៩៨៦ គ.ព្រះ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម