នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Saleumxay Kommasith នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតីនាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានផ្ញើសារលិខិតអបអរសាទរជូនចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋសភាឡាវបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតីក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏ដូចជាមានឱកាសបានអបអរសាទរដោយផ្ទាល់ ចំពោះឯកឧត្តមដែលទទួលបានការទុកចិត្តពីរដ្ឋសភាជ្រើសតាំងជានាយករដ្ឋមន្ត្រី។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ និងកិច្ចសហប្រតិបត្តិការដ៏ល្អ នៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើនទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានរំលឹកឡើងវិញផងដែរអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍មកនេះ ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, អប់រំ ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានសន្ទុះរីកចម្រើនថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី














